មហាហង្សសម្ពោធភាពយន្ដថ្មី ក្រោយខកខានជាច្រើនឆ្នាំ

ផលិតកម្មមហាហង្ស សម្រេចបញ្ចេញខ្សែភាពយន្ដលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៣ ក្រោយខកខានដោយសារវិបត្ដិជំងឺកូវីដ-១៩អូសបន្លាយជាង២ឆ្នាំ ។

ខ្សែភាពយន្ដ​ដំបូងដែលផលិតមហាហង្សសម្រេចដាក់បញ្ចាំង​ជាលើកដំបូង​នៅដើមឆ្នាំថ្មី​នេះ គឺ​ខ្សែភាពបែបភ័យរន្ធត់ដែលមាន​ចំណងជើងថា «កៅអីចុង​ក្រោយ» ហើយក៏ជាខ្សែ​ភាព​យន្ដ​មួយក្នុងចំណោម​រឿង៥​ផ្សេង​ទៀត ដែលផលិតកម្មថតចប់តាំងពីឆ្នាំ២០១៩ ។

តាមរយៈផ្ដល់បទសម្ភាសន៍​ជាមួយអ្នក​សារ​ព័ត៌មានក្នុងឱកាសម្ពោធខ្សែភាពយន្ដរឿង ​«កៅ​អីចុង​ក្រោយ» កាល​ពី​ល្ងាចថ្ងៃទី២ ខែមករាម្សិលមិញនេះ លោក អ៊ិន សុភិន ចាង​ហ្វាងផលិតកម្មមហាហង្សបានលើកឡើងថា គ្រប់រឿងដែលផលិតកម្មធ្វើឡើង គឺ​តម្រូវ​ទាំងទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ហើយចំពោះរឿង «កៅអីចុងក្រោយ» ដែល​មាន​ឈុតឆាកភ័យរន្ធត់កង្កប់ដោយភាពកំប្លុកកំប្លែងនេះ ​គឺលោកមើល​ឃើញថា​ត្រូវនឹង​ទីផ្សារ​ក្នុងស្រុកច្រើនជាង ។

លោក អ៊ិន សុភិន និយាយថា «ចាប់ពីខែពីរទៅ យើងចាប់ផ្ដើមផលិតរឿងថ្មីទៀតហើយ អីចឹងដល់ពេលយើងចាប់រឿងទាំងនេះអស់ យើងមានរឿងថ្មីៗជាបន្ដបន្ទាប់ ។ សម្រាប់​រឿងក្រោយៗ ធានាកាន់តែល្អមើលជាងនេះទៀត ព្រោះយើងដាក់ទុនច្រើន ហើយតួ​សុទ្ធ​តែល្បីៗទៀត» ។

ដំណាលគ្នានោះតារាសម្ដែងលោក ហេង នរៈកក្កដា និងអ្នកនាង ភិន សុដាលីស ដែល​ជាតួអង្គ​សម្ដែង​​ក្នុង​រឿង «កៅអីចុងក្រោយ» ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និង​ក្ដីរំពឹងថា ស្នាដៃ​មួយនេះនឹងមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ ជាពិសេសអ្នក​ដែល​ចូល​ចិត្ត​ភាព​យន្ដបែប​ភ័យ​រន្ធត់ និងកំប្លែង ។ តួសម្ដែងទាំងពីរដួងនេះបានលើកឡើងថា រឿង «កៅ​អីចុងក្រោយ» គឺ​ជា​ភាពយន្ដមួយដែលមានផលលំបាក​យ៉ាងខ្លាំងអំឡុង​ពេល​ថត ពោល​គឺដើម្បីសម្រិតសម្រាំងឱ្យបាននូវគុណភាពនៃសាច់រឿង ។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង «កៅអីចុងក្រោយ» នឹងចាប់ផ្ដើម​ចាក់បញ្ចាំង​ជាផ្លូវ​ការនៅ​គ្រប់រោងភាពយន្ដពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ តទៅ ។ ក្នុងឱកាសសម្ពោធ​រឿងនេះ​កាល​ពីយប់មិញ នៅផ្សារទំនើប TK គេក៏ឃើញវត្ដមានតារាសម្ដែងល្បីៗជាច្រើនដូចជា កញ្ញា សីសី អ្នកនាង ឈឹម អារីយ៉ា កញ្ញា ភិន សុដាលីស ព្រមទាំងអតីតបវរកញ្ញាក្នុងកម្មវិធី Miss Grand Cambodia ជាច្រើនរូបទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *