Ruby Lin គ្មានបំណងចូលសិល្បៈប៉ុន្តែបច្ចុប្បន្នជាផលិតករនិងជាតួធំក្នុងវង់សិល្បៈកោះតៃវ៉ាន់

មានឈ្មោះដើមពេញ Ruby Lin Xinru ឬហៅថា Ruby Lin នាងគឺជាតារាស្រីដែនកោះតៃវ៉ាន់ដ៏ស្រស់ស្អាតម្នាក់ជោគជ័យទាំងព្រម ទាំងរឿងការងារ និងស្នេហា។ នាងជាតារាស្រីមួយរូបដែលបានបង្កើតប្រវត្តិសាស្ត្រនៅក្នុងពិភពវង់សិល្បៈតៃវ៉ាន់ មានទាំងងារជាតារាស្រីស្រស់ស្អាតពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យ និងជាផលិតករភាពយន្ត និងរឿងភាគមួយស្ត្រីមួយរូបប្រចាំកោះតៃវ៉ាន់។អ្វីដែលគួរជាទីកត់សម្គាល់សម្រាប់តារាស្រីឈានមុនរូបនេះ នាងជាតារាសិល្បៈម្នាក់ដែលបន្តពង្រឹងសមត្ថភាពឥតឈប់ឈរ ទោះមានវ័យជ្រេរក៏ដោយ។

ដើមឡើយតារាស្រីដែលមានទេពកោសល្យចម្រុះសម្បូរបែបទាំងផ្នែកសម្តែង និងផ្នែកចម្រៀង បង្ហាញម៉ូត និងដឹកនាំរឿងរូបនេះ គ្មានបំណងនឹងចូលប្រឡូកក្នុងវិស័យសិល្បៈនោះឡើយ ហើយនាងចង់ទៅបន្តការសិក្សារបស់នាងនៅប្រទេសអង់គ្លេសឯណោះទេ ប៉ុន្តែនាងបានឈានជើងចូលការងារផ្នែកបង្ហាញម៉ូតជាការងារក្រៅម៉ោង នៅអាយុ១៧ឆ្នាំ។ ការចាប់ ផ្តើមដ៏ជោគជ័យនេះ រុញច្រាននាងបន្តឈានជើងចូលការងារសម្តែងនៅពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ហើយនាងក៏ល្បីឈ្មោះខ្លាំងតាមរយៈរឿងភាគដែលនាងសម្តែងជាតួអង្គ “ចៀវៃ” ក្នុងរឿង “ព្រះនាងយេយេ” ។ រឿងនេះផ្ទុះខ្លាំងទាំងនៅកោះតៃវ៉ាន់ ប្រទេសចិន និងទូទាំងតំបន់អាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ រឿងភាគល្បីៗផ្សេងទៀតរបស់តារាស្រីរូបនេះមានដូចជារឿង Romance in the Rain (ឆ្នាំ2001), រឿងBoy & Girl (ឆ្នាំ2003), រឿងAffair of Half a Lifetime (ឆ្នាំ2004), រឿងBeauty’s Rival in Palace (ឆ្នាំ2010), រឿងThe Glamorous Imperial Concubine (ឆ្នាំ2011) និងរឿងThe Way We Were (ឆ្នាំ2014)។

តារាស្រីដែនកោះតៃវ៉ាន់ នាង Ruby Lin បានជាប់រហ័ស្សនាមជា “រាជិនីរឿងភាគតៃវ៉ាន់” និងបានចូលរួមសម្ដែងរឿងភាគនិងភាពយន្តខ្ទង់៩០រឿង។ ការងារដំបូងរបស់នាងក្នុងមុខតំណែងជាផលិតករសម្រាប់រឿងភាគទូរទស្សន៍គឺ រឿង‘The Glamorous Imperial Concubine’។ សម្រាប់រឿងនេះនាងទទួលបានពានរង្វាន់ផលិតករល្អបំផុត(Best Producer awards)ចំនួន២រង្វាន់។ ការងារជាផលិតករភាពយន្តនិងរឿងភាគរបស់នាងក៏ចាប់ផ្តើមបន្តដំណើររលូនទៅមុខឥតឈប់។ សារព័ត៌មានតៃវ៉ាន់ Apple Daily ចាត់ថ្នាក់នាងជាតារាស្រីតៃវ៉ាន់ដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០១២ និងឆ្នាំ២០១៣។ យោងគេហទំព័រព័ត៌មាន thefamouspeople។

ក្រៅតែពីភាពជោគជ័យយ៉ាងសម្បូរបែប រីកត្រសុំត្រសាយលើវិស័យការងារហើយ Ruby Lin ជាតារាស្រីមិនចោលការសិក្សា។ តារាស្រីកោះតៃវ៉ាន់នាង Ruby Lin បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីសិក្សាអន្តរជាតិពីសាកលវិទ្យាល័យ Shih Hsin ក្នុងវ័យ៤៥ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយនាងរៀននៅទីក្រុងសៀងហៃ ប៉ុន្តែក្រោយមកក៏បានផ្ទេរទៅសាខា ក្រុងតៃប៉ិវិញបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។ តារាសម្ដែងកូនមួយរូបនេះ បានប្រាប់សារព័ត៌មានថានាងសប្បាយចិត្តណាស់ដែលបានត្រលប់ទៅសាលារៀន និងអាចបញ្ចប់ការសិក្សាយ៉ាងជោគជ័យម្ដងទៀត តែក៏គួរឱ្យស្តាយដែលពិធីប្រគល់សញ្ញាប័ត្រត្រូវបានធ្វើឡើងជាលក្ខណៈអនឡាញដោយសារបញ្ហាកូវីដ១៩។

មិនត្រឹមតែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែ Ruby Lin ក៏ទទួលបានពានរង្វាន់ឆ្នើមតាម រយៈការបោះឆ្នោតដោយក្រុមសាស្រ្តាចារ្យផងដែរ។ សាស្រ្តាចារ្យរបស់នាងម្នាក់ បាននិយាយថាជារឿយៗ Ruby Lin គឺជាអ្នកមកដល់ថ្នាក់រៀនមុនគេ ហើយនាងក៏មិនដែលអវត្តមាន ឬក៏មកយឺតដែរ បើទោះបីជារវល់នឹងការងារច្រើនក៏ដោយ។

រីឯរឿងរូបសម្រស់វិញ តារាស្រី Ruby Lin នៅតែរក្សាបានរូបសម្រស់ស្រស់ស្អាត វ័យក្មេងសមជាតួឯកស្រីធំប្រចាំដែនកោះតៃវ៉ាន់។ ថ្មីៗនេះវត្តមានតារាស្រី ជួរ មុខ តៃវ៉ាន់ Ruby Lin នៅ ទីក្រុង តៃប៉ិ ដើម្បី ចូលរួម ក្នុង កម្មវិធីផលិតផលមួយ ដែល ខ្លួន ជា អ្នក តំណាង។ គ្រាន់ តែ បង្ហាញ ខ្លួន ភ្លាម វត្តមាន របស់ តារា ស្រី អាយុ ៤៦ ឆ្នាំ ទទួល បាន ការ ចាប់ អារម្មណ៍ ខ្លាំងនៅពេលនាងគ្រោងឈុតសម្លៀកបំពាក់បង្អួត រាង ក្នុង រ៉ូប រឹបរាង ពណ៌ ស សមនិងរូបរាងស្រឡូនរបស់នាង។ គេអាចដឹងបានពីសម្រស់តារាស្រីRuby Lin នៅតែស្រស់ស្អាតមិនប្រែប្រួលតាមរយៈការលើកសរសើរពីក្រុមអ្នកគាំទ្រថា« តារា សម្ដែង ប្រុស Wallace Huo ពិត ជា មាន សំណាង ខ្លាំង ណាស់ ដែល មាន ប្រពន្ធ ក្មេង ស្អាត រហូត បែប នេះ»។

តារាស្រីតៃវ៉ាន់ នាង Ruby Lin បានរៀបការជាមួយតារាភាពយន្តតៃវ៉ាន់លោក Wallace Huo នៅឆ្នាំ២០១៦ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ អាពាហ៍ពិពាហ៍តារាសិល្បៈល្បីឈ្មោះប្រចាំកោះតៃវ៉ាន់មួយគូនេះមានការចូលរួមពីតារាសិល្បៈជួរមុខផ្សេងទៀតមាននាង Zhao Wei, នាង Fan Bingbing, នាង Shu Qi, នាង Liu Tao, នាង Liu Shishi, លោក Nicky Wu និងលោក Hu Ge។ នៅឆ្នាំ២០១៧ ភរិយាស្វាមូមួយគូនេះបង្កើតបានកូនស្រីដ៏ស្រស់ស្អាតម្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *