នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ។
តាមរយៈបណ្តាញសង្គម “យុវជនបូជាការពារយុត្តិធម៌” បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ នៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៧១៧គ្រួសារ ស្មើ ៥,៦៣០នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល។
ការផ្គត់ផ្គង់ម្ហូបជនភៀសសឹករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ៕