កុំភ្លេចគាំទ្រ! កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា នឹងត្រូវប្រកួតនៅថ្ងៃនេះហើយ

ក្រោយធ្វើដំណើរមកដល់កម្ពុជា កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា នឹងត្រូវប្រកួត​នៅថ្ងៃនេះ លើវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ជាមួយ​កីឡាការិនីសិង្ហបុរី May Yong Teh, កីឡា​ការិនីវៀតណាម Thi Huyen Dang និង​កីឡា​ការិនីថៃ Nuchanat Singchalad ដែលការ​ប្រកួត​នេះនឹង​ប្រព្រឹត្តទៅ​មជ្ឈមណ្ឌល OCIC ជ្រោយចង្វា ។

សូមរំលឹកថា កីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ។ ខាន់ ចេសា ពិត​ជា​រំភើប​រីក​រាយ និង​មាន​មោទកភាព​ដែល​បាន​តំណាង​ឲ្យ​ជាតិ​កម្ពុជា​សា​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ហើយ​រំពឹង​ទទួល​បាន​មេដាយ​មាស​ទៀត​ដើម្បី​ជូន​ជាតិ ។

លោក Peter Khan ឪពុក​​បង្កើត​របស់​កីឡាការិនី ខាន់ ចេសា បាន​និយាយ​ថា «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​មក​ដល់​កម្ពុជា​ជា​ថ្មី។ កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ខ្លាំង​ណាស់​​ដែល​ទទួល​បាន​ឱកាស​តំណាង​ឲ្យ​កម្ពុជា ហើយ​រំពឹង​​ទទួល​បាន​មេដាយ​មាស​ជូន​ជាតិ​ទៀត» ។

លោក Peter Khan បន្តថា កូន​ស្រី​របស់​លោក​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​​ប្រជា​ជន​កម្ពុជា ហើយនេះ​ជា​ការផ្តល់​កម្តាំង​ចិត្ត និង​អ្នក​គាំទ្រ​ដ៏​សំខាន់​​ដល់​អត្តពលិក ។

សូម​បញ្ជាក់​ថា កីឡាការិនី ខាន់ ចេសា ធ្លាប់​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ហើយ​ជូន​ជាតិ​កម្ពុជា ក្នុង​នោះ​លើក​ទី១ គឺ​មេដាយ​មាស​ពី​កីឡា​ទ្វីប​អាស៊ី​ ​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី និង​លើក​ទី​២ មេដាយ​មាស​កីឡា​ស៊ីហ្គេមឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ។ យ៉ាងណាគេមិនថា ការប្រកួតស៊ីហ្គេមលើកទី៣២តំណាងឱ្យកម្ពុជា ខាន់ ចេសា នឹងធ្វើ​បានល្អដូចការប្រកួតមុនៗកម្រិតណានោះទេ ។ ប៉ុន្តែកីឡាការិនីឆ្នើមរូប​នេះ​បានបង្ហាញ​ក្ដីរំពឹងថា នឹងនាំយកមេដាយ​មាស​ជូន​ជាតិជាថ្មីម្ដងទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *