ព្រឺសម្បុរខ្ញាក! ក្រោយទស្សនាវីដេអូ Trailer ជាង២នាទីបទ «ស្រលាញ់អ្វីដែលខ្មែរមាន»

បទចម្រៀងដ៏អស្ចារ្យផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់​ផលិត​កម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា​ និង​កំពុងទទួល​បាន​ការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេលនេះបានចេញវីដេអូ Trailer ហើយ ។

ដោយនៅមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លីរយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់​អ្វីដែល​ខ្មែរ» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែង​និពន្ធ និង​វីដេអូចម្រៀង ។ គ្រាន់តែចេញផ្សាយនៅលើផេកផ្លូវការរបស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកទស្សនាជាច្រើនចែករំលែក និងលាន់មាត់​យ៉ាង​ភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទនេះ​បាន​រំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗរបស់ខ្មែរជាច្រើន ជាពិសេសបានបង្ហាញពី​ទិដ្ឋ​ភាព​ដ៏ស្រស់​បំព្រង​នៃការរីកចម្រើន​នៅទីក្រុងភ្នំពេញ ។

អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកទស្សនាបានលើកឡើងដោយមិននឹកស្មានថា ផលិត​កម្ម​ដែលឈាន​មុខគេនៅ​កម្ពុជា​មួយនេះ អាច​ផលិត​បទចម្រៀងដ៏អស្ចារ្យបែបនេះបាន​ឡើយ ហើយពួកគេក៏បាន​បង្ហាញ​ពីមោទកភាព និងអរគុណចំពោះផលតិកម្ម Galaxy navatra ដែលបានផលិតបទចម្រៀង​បែបនេះ​ឱ្យ​ប្រជាពលរដ្ឋខ្មែរបានស្ដាប់ និងទស្សនា ។ លើស​ពីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន​ក៏បង្ហាញពីភាពអន្ទះសារចង់​ទស្សនា​វីដអូ​ចម្រៀងនេះពេញក្នុងពេលឆាប់ៗផងដែរ ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បី​ផលិត​បទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃ​ព្រឹត្តិ​ការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាក្នុងនាម​ជាម្ចាស់ផ្ទះនា​ពេល​ខាងមុខនេះ ។

មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់​អ្នកឧកញ៉ា​ម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ បទ «ស្រឡាញ់អ្វី​ដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រ​សម្រាប់កម្ពុជា​នៅឆ្នាំ​២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូល​តារា​ចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារា​ចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នក​ឧកញ៉ា​ម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូល​តារា​ចម្រៀងទាំង៤រូប​នេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀង​អម​ព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ។
បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយ​ធំម្តង​រួចមក​ហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និង​បណ្តា​ប្រទេសក្នុងតំបន់អាស៊ានម្តងទៀត ។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅ​ពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏​បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះ​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជាផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *