ឯកឧត្ដម យិន សារ៉ាន់ និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារស.ព កុមារទាំង១១នាក់ ក្នុង១គ្រួសារ១លានរៀល

ដោយមើលឃើញពីការលំបាក និងជាទឹកចិត្តដ៏ប្រពៃ ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក ឯកឧត្ដម យិន សារ៉ាន និងលោកជំទាវ បានឧបត្ថម្ភដល់គ្រួសារសពសិស្សានុសិស្សទាំង១១នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុលិចទូកចម្លង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្នុង១គ្រួសារនូវថវិកាចំនួន១លានរៀល ដើម្បីសម្រួលដល់ការលំបាក និងរៀបចំពិធីបុណ្យសព។

នេះបើយោងតាមខ្លឹមសារសំណេរដែលបានបង្ហោះលើបណ្ដាញសង្គមរបស់លោកឧកញ៉ា ហេង ឡុង នៅមុននេះបន្តិច។ លោកឧកញ៉ា ហេង ឡុង បានសរសេរថា៖ “ឯកឧត្ដម យិន សារ៉ាន់ និងលោកជំទាវឧកញ៉ា អ៊ាន អេឡែន និងក្រុមគ្រួសារសូមឧបត្ថម្ភគ្រួសារជនរងគ្រោះ ដែលបានទទួលមរណាភាព១១គ្រួសារ ដោយហេតុការណ៍លិចទូកនៅខេត្តកណ្ដាលក្នុង១គ្រួសារ១លានរៀល”។

សូមបញ្ជាក់ថា មានករណីលិចទូកដចម្លងដ៏រន្ធត់មួយ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបានបណ្ដាលឲ្យសិស្សានុសិស្ស១១នាក់បាត់បង់ជីវិត បន្សល់ទុកនូវការសោកស្ដាយ និងទុក្ខសោកសង្រេងសម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូល។ សព្វរបស់សិស្សានុសិស្សទាំងនោះ ត្រូវបានស្រង់ពីទឹក និងតម្កល់ធ្វើបុណ្យរូមគ្នានៅក្នុងវត្តមួយនាភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សពជនរងគ្រោះត្រូវបានធ្វើពិធីឈាប្បនកិច្ចនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ បើតាមព្រះគ្រូចៅងធិការវត្ត ភាគច្រើននៃជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ ជាគ្រួសារក្រីក្រ ដែលមានម្ដាយធ្វើការរោងចក្រកាត់ដេរ និងឪពុកធ្វើស្រែចម្ការបន្តិចបន្តួចប៉ុណ្ណោះ។ ពោលគឺឪពុកម្ដាយរបស់ពួកគេមានជីវភាពខ្វះខាត ហើយព្រះអង្គបានមានថេរដិកាអំពាវនាវដល់សប្បុរសជនជិតឆ្ងាយជួយដល់ក្រុមគ្រួសារឪពុកម្ដាយនៃជនរងគ្រោះផង ព្រោះពួគេបាត់បង់កូនដែលជាទីពឹងនៃគ្រួសារនាអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *