ស្មារតីជាតិខ្មែរតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែងចែកក្រុមយុវជនបូជាការពារយុត្តិធម៌ រៀបចំស្បៀងនិងនាំយកអំណោយប្រគល់ជូនកងទ័ព និងជនភៀសសឹក

ក្នុងស្មារតីគាំទ្រ និងលើកទឹកចិត្តសមរភូមិមុខ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចង្អុលបង្ហាញក្រុមការងារដើម្បីរៀបចំស្បៀងអាហារ សម្រាប់យកទៅប្រគល់ជូមដល់វីរកងទ័ព និងជនភៀសសឹក។

នៅថ្ងៃទី៣០ ខែធ្នូនេះ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ស្មារតីខ្មែរតែមួយ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

ការចូលរួមរបស់ក្រុមយុវជនបូជាការពារយុត្តិធម៌ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

ក្នុងនាមជាមហាគ្រួសារខ្មែរ បេះដូងខ្មែររួមគ្នាជាធ្លុងមួយក្នុងស្មារតីជាតិកាន់តែរឹងមាំ កាន់តែសំខាន់ក្នុងការចូលរួមរបស់ប្រជាជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕