ស្មារតីតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារបន្តស្រាក់ដៃគ្នាដ៏រឹងមាំនាំយកស្បៀងលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, ក្រុមយុវជនបូជាការពារយុត្តិធម៌ បាននិងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹក ជាពិសេសបង្ហាញការគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

ជាក់ស្តែងនៅថ្ងៃទី២៤ធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ យកអំណោយស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីលើកទឹកចិត្តគាំទ្រកងទ័ព និងជនភៀសសឹក។

ចាប់តាំងពីមានការវាយប្រហារឈ្លានពានសារជាថ្មីពីសំណាក់យោធាថៃ, អ្នកឧកញ៉ាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ នាំយកអំណោយ ផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ។

ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះ ជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជន បានបង្ហាញឱ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ នៅពេលជាតិខ្មែររួបរួមគ្នា គ្មានអំណាចណាអាចបំបែកបាក់បាន សូម្បីតែកម្លាំងយោធា និងអាវុធ ក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយ។ នេះជាមូលហេតុដែលមហាសាមគ្គីជាតិ តែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស៕