នៅសល់ជើងខ្លាំង៦រូបប៉ុណ្ណោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធី Cambodian Idol

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤ វគ្គ Live Show សប្ដាហ៍ទី៥នៅយប់​មិញ​នេះ បានធ្វើឱ្យអ្នកទស្សនាកាន់តែព្រឺព្រួចអង្គុយស្ទើរ​លែងជាប់​កៅអី ជាពិសេសគឺនៅវិនាទីប្រកាសលទ្ធផលរបស់បេក្ខជនដែលអាចឡើងទៅកាន់វគ្គបន្ត និង​បេក្ខជនដែលត្រូវចាកចេញពីកម្មវិធី ។

ជាការពិតគ្រប់ការប្រកួតប្រជែងតែងតែមានឈ្នះ និងចាញ់ ជាក់ស្ដែងការ​ប្រឡង​ចម្រៀង​កម្មវិធី Cambodian Idol Season4 វគ្គ Live Show សប្ដាហ៍៥យប់មិញនេះ ​បេក្ខជនចំនួន៣រូប​ត្រូវបានចាក​ចេញពីកម្មវិធីទាំងសោកស្ដាយ ។ បេក្ខជនទាំង៣រូបនោះរួមមាន ផាន គីម​សុង ឡាច ណុច និងបេក្ខជន លី ប៊ីលី ។

ដោយឡែកបេក្ខជនចំនួន៦រូបផ្សេងទៀតរួមមានបេក្ខជន លឹម តិចម៉េង, ថុល សុភិទិ, ណាន វីសា បេក្ខនារី មាស នីតា, ស៊ឹម ចាន់ពន្លឺ និង នាង ដាវីន ត្រូវបានឡើងទៅកាន់​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព័្រត្រ​នៅ​សប្ដាហ៍ក្រោយនេះ បន្ទាប់ពីទទួលបានសំឡេងសារបោះ​ឆ្នោតគាំទ្រច្រើនពី​ទស្សនិកជន ។

បើទោះជាយ៉ាងណាទស្សនិកជនអ្នកនិយមគាំទ្រកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូងកាលទី៤កំពុងទន្ទឹមរងចាំមើលទៀតថា នៅសប្ដាហ៍ក្រោយនេះ តើបេក្ខជន​រូបណា​ខ្លះ​ដែលអាចមានសមត្ថភាពនៅឈរនៅលើឆាកកម្មវិធីប្រឡងចម្រៀងលំដាប់ភិភពលោកមួយនេះ ខណៈមានការរំពឹងថា នៅសប្ដាហ៍បន្ទាប់ខាងមុខនេះកម្មវិធី Cambodian idol Season4 ឬរដូវកាលទី៤នឹងកាន់តែកក្រើក និងជក់ចិត្ត ព្រោះបេក្ខជនទាំង៤នាក់ដែល​នៅ​សល់ គឺសុទ្ធសឹងតែជាជើងខ្លាំង ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មានបេក្ខជនជាច្រើននាក់ហើយបាន​ចាកចេញពីកម្មវិធី ជាក់ស្ដែងនៅយប់មិញនេះបេក្ខជនចំនួន៣រូបដែល​សុទ្ធសឹងតែ​ជា​បេក្ខជនដែលមានសមត្ថភាព និងទឹកដមសំឡេងពីរោះ ត្រូវបានធ្លាក់ចេញពីកម្មវិធី ។ បើទោះជាយ៉ាងណាបេក្ខជន៤រូបដែលទស្សនិកជនបោះឆ្នោតគាំទ្រច្រើនជាងគេនោះ គឺ​នឹង​ត្រូវប្រកួតប្រជែងគ្នានៅសប្ដាហ៍បន្តបន្ទាប់ទៀត ដើម្បីស្វែងរកជើងខ្លាំងតែម្នាក់គត់​ដែលជាម្ចាស់ពានរដូវកាលទី៤នៃកម្មវិធីលំដាប់ពិភពលោកនេះ ។

សូមរំលឹកថា កម្មវិធីលំដាប់ពិភពលោក Cambodian idol បានរកឃើញ​ម្ចាស់ជើង​ឯក៣​ជំនាន់មកហើយ ក្នុងនោះពានរង្វាន់រដូវកាលទី១ជាមួយ​ទឹកប្រាក់១០០លាន​រៀលបានទៅ​លើអតីតបេក្ខជនមកពីស្រុកស្ទោង ខេត្តកំពង់ធំ នី រតនា រដូវកាលទី២បានទៅលើកញ្ញា ឈិន ម៉ានិច្ច និងរដូវកាលទី៣លោក គ្រី ថៃពៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *