ស្របពេលកំពុងធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប « Cambo Rapper » កញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានរំលឹកពីការតស៊ូ និងបានផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយកុំបោះបង់ក្តីស្រមៃខ្លួន ។
មកទល់ពេលនេះកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានឈរនៅលំដាប់កំពូលដែលខ្លួនចង់បានហើយ ហើយបទចម្រៀងនាងជាច្រើនក៏ទទួលបានការពេញនិយមនិងការគាំទ្រច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែមុននឹងឈានជើងមកដល់សព្វថ្ងៃនេះ ជីវិតនាងក៏ជួបនូវឧបសគ្គជាច្រើនផងដែរ ។
កញ្ញា តន់ ចន្ទសីម៉ា បានរំលឹកពីប្រវត្តិតស៊ូខ្លះៗរបស់ខ្លួននៅលើវិស័យចម្រៀងនេះឱ្យអ្នកគាំបានដឹង ដោយនាងបានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « ខ្ញុំជឿលើអ្វីដែលខ្ញុំបានប្រឹងប្រែង ខិតខំតស៊ូ មិនបោះបង់ មិនទន់ជ្រាយ អរគុណបងប្អូន និងអ្នកទាំងអស់គ្នាជុំវិញខ្លួនខ្ញុំ សម្រាប់ក្តីស្រឡាញ់ ផ្តល់ឱកាស កម្លាំងចិត្ត ជ្រោមជ្រែង ។ ខ្ញុំជឿថាអ្នកទាំងអស់គ្នា នឹងធ្វើបានសម្រេចនូវក្តីស្រមៃរបស់ខ្លួនក្នុងថ្ងៃណាមួយដូចគ្នា ខ្ញុំផ្តល់កម្លាំងចិត្តឱ្យណា » ។
ក្រៅពីអាជីពចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ក៏បានវិឌ្ឍន៍ខ្លួនមួយជំហានទៀតក្លាយទៅជាគ្រូបង្វឹក នៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប « Cambo Rapper » ថ្វីដ្បិតតែមើលទៅនាងនៅក្មេងខ្ចីបន្តិចក៏ពិតមែន ប៉ុន្តែក្នុងខ្លួននាងពេញដោយសមត្ថភាព និងទេពកោលស្យខាងផ្នែកចម្រៀង រហូតទទួលបានការស្រឡាញ់ និងការគាំទ្រច្រើនពីមហាជន ។

គួររំលឹផងដែរថា កញ្ញា តន់ ចន្ទសីម៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រនៅក្នុងឆ្នាំ២០២២ បើទោះបីជាមមាញឹកនៅក្នុងការងារសិល្បៈ នាងមិនបានបោះបង់ការសិក្សារបស់ខ្លួនចោលឡើយ ផ្ទុយទៅនាងបានខំប្រឹងប្រែងសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រតាមក្តីស្រមៃ ៕