តារាសម្ដែងស្រីដ៏ល្បីឈ្មោះ ភាគច្រើននិយមចូលចិត្តសម្លៀកបំពាក់បែបស៊ិចស៊ីបង្ហាញដើមទ្រូង ដែលជាស្ទីលពេញនិយមសម្រាប់យុវវ័យសម័យថ្មី បានបង្ហោះសាររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួន អំពីគុណបំណាច់ដ៏ធំរបស់អ្នកម្ដាយ ចំថ្ងៃទិវាគុណម្ដាយអន្តរជាតិ។
ព្រីម លីហ្សា បានសម្ដែងការដឹងគុណទៅកាន់អ្នកម្ដាយ ដែលបានបីបាច់តាមថែក្សាខ្លួនយ៉ាងកក់ក្ដៅ ជាពិសេសចាប់តាំងពីពេលឈានជើងចូលប្រលូកក្នុងវិស័យសិល្បៈដំបូងបំផុត។ នាងបានរៀបរាប់បែបនេះថា «ថ្ងៃដំបូងដែលខ្ញុំឈានជើងចូលវិថីសិល្បៈ គឺម្ដាយជាទីស្រឡាញ់របស់ខ្ញុំ គាត់ជាអ្នកទៅតាមខ្ញុំមិនថាទៅដល់ទីណាទេ ថតដល់ម៉ោងប៉ុន្មានក៏គាត់នៅតែនៅក្បែរខ្ញុំ ការចងចាំមិនអាចបំភ្លេច»។
មិនតែប៉ុណ្ណោះ តារាសម្ដែងដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានលើកឡើងផងដែរថា រហូតដល់ពេលដែលខ្លួនមានគ្រួសារ និងមានកូនទៅហើយ អ្នកម្ដាយនៅតែបន្តមើលថែកូនរបស់នាងបន្តទៀត មិនខុសអំពីការផ្ដល់ក្តីស្រឡាញ់ឱ្យអ្នកនាងនោះទេ។
ការបង្ហាញរូបភាពជាច្រើនសន្លឹក រួមជាមួយពាក្យពេចន៍រៀបរាប់ប្រកបដោយការដឹងគុណ និងក្ដីស្រលាញ់ ពីសំណាក់តារាសម្ដែង និងបង្ហាញម៉ូដ អ្នកនាង ព្រីម លីហ្សា ខាងលើនេះ ហាក់ដូចជារឿងថ្មីប្លែកគួរឱ្យចាប់អារម្មណ៍សម្រាប់មហាជនអ្នកគាំទ្រ ខណៈកន្លងមកគេពុំសូវឃើញតារាស្រីរូបនេះ បង្ហាញការជួបជុំគ្រួសារនោះទេ។ ម៉្យាងទៀត មហាជនជាច្រើនស្ទើរមិនដឹងថា ព្រីម លីហ្សា មានស្វាមី និងកូនផងដែរ។
ទាក់ទងនឹងរឿងនេះ កាលពីប្រមាណជា ២ឆ្នាំមុន ព្រីម លីហ្សា បានទម្លាយថាខ្លួនមានកូនប្រុសវ័យ ៦ឆ្នាំម្នាក់ តែមិនបានបង្ហាញមុខស្វាមីនោះទេ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង៕