បេះដូងមនុស្សធម៌! តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន​​​សហ​ព័ន្ធយុវជនបូជា​ការពារយុត្តិធម៌ ចុះធ្វើសម្លការីនំប៉័ង នំបញ្ចុក ជូនចាស់ជរា និងកុមារកំព្រា នៅអង្គការសង្គ្រោះជនអស់សង្ឃឹម

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន​​​សហ​ព័ន្ធយុវជនបូជា​ការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្ដ ចុះសំណេះសំណាលសួរសុខទុក្ខនិងធ្វើ​សម្ល​កា​រី​នំប៉័ង និងនំបញ្ចុក ២ខ្ទះត្នោត ជូនចាស់ជរា និងកុមារកំព្រាចំនួន ២៨៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅ​ភូមិ​លិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសប្រកបដោយស្និទ្ធស្នាលនេះ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានផ្តល់សេចក្ដីអាណិតស្រលាញ់ ភាពកក់ក្ដៅ​ប្រកបដោយមេត្តាករុណា និងបានពាំនាំការសួរសុខទុក្ខ ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ចាស់ៗ និងកុមារៗនៅក្នុងអង្គការ ។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ក៏បានលើកទឹកចិត្ត ឲ្យកុមារៗនៅក្នុងអង្គការសង្គ្រោះជនអស់សង្ឃឹម បន្តខិតខំរៀនសូត្រ កសាងសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អ​សម្រាប់បម្រើប្រទេសជាតិមាតុ​ភូមិនាថ្ងៃអនា​គត និងយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសមនុស្សចាស់ ខណៈពេលអាកាសធាតុកំពុងចុះត្រជាក់៕