ផលិតកម្ម Galaxy Navatra បានសហការគ្នាជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគំន្រ្តីខ្នាតយក្សចំនួន២គឺ EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលត្រៀមនឹងរៀបចំឡើងចំនួន ៣៨ទីតាំងជុំវិញខេត្តក្រុង ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំមកនូវសប្បាយភាពរីករាយដល់អ្នកគាំទ្រ ។ 
កិច្ចសហការខាងលើ ត្រូវបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផលិតកម្ម Galaxy Navatra និងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង 271 ដោយមានការចូលរួមពីអ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group, លោកជំទាវ គឹម ចាន់ណា អគ្គនាយិការងជាន់ខ្ពស់នៃក្រុមហ៊ុន ជីបម៉ុង គ្រុប, លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, តំណាងស្ថានីយ៍ទូរទស្សន៍ Bayon , MyTV និងសិល្បករសិល្បការិនីជាច្រើនរូប ។
ថ្លែងក្នុងឱកាសលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះឆ្ពោះទៅកាន់ការចាប់ផ្តើមត្រៀមរដូវកាលឆ្នាំថ្មីសម្រាប់មហាព្រឹត្តិការណ៍ប្រគុំតន្រ្តីរវាង Galaxy Navatra និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (KHB) នាវេលានេះ និងថា ការចុះអនុស្សរណៈនៃការយោគយល់ថ្មីរវាងក្រុមហ៊ុនធំទាំងពីរ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់នូវចំណងទំនាក់ទំនង និងការជឿទុកចិត្តគ្នាយ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដែលបានបោះជំហានចេញពីកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក។
លោកជំទាវឧកញ៉ាបណ្ឌិតបានថ្លែងថា Galaxy Navatra បាននិងកំពុងបន្តឈានចាប់យកនូវមហិច្ឆិតាថ្មីៗបន្ថែមទៀតក្នុងវិស័យកម្សាន្តនៅកម្ពុជា ព្រមទាំងចក្ខុវិស័យសម្លឹងមើលឱកាសកិច្ចសហប្រតិបត្តិការថ្មីជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យទាំងនេះ Galaxy មានកិត្តិយស និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរ នាឱកាសនេះ ដែលនឹងអាចឱ្យក្រុមហ៊ុនយើងទាំងពីសម្រេចគោលដៅ និងបន្តកិច្ចសហប្រតិបត្តិការស្អិតរមួត ក្នុងការផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា តាមរយៈវត្តមាននៃការសម្តែងរបស់កំពូលតារា ចម្រៀងរបស់យើង ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ខេត្តក្រុង ។ 
លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបានលើកឡើងថា លោកពិតជារំភើប ដែលបានបន្តសហការជាមួយ ផលិតកម្ម Galaxy ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ២ គឺ EXPREZ TOUR CONCERT និង DAZZ TOUR CONCERT សរុបចំនួន ៣៨ ទីតាំង។ លោកពិតជាមានមោទនភាពណាស់ ដែល ខ្មែរ ប៊ែវើរីជីស បានចូលរួមរក្សាជំហររឹងមាំ ក្នុងវិស័យសិល្បៈខ្មែរ ដែលដើរតួសំខាន់ក្នុងការផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណ បានយ៉ាងទូលំទូលាយទាំងក្នុងស្រុក និងឆាកអន្តរជាតិ។
សូមជម្រាបជូនថាកន្លងទៅ ផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ដៃគ្នាសហការរៀបចំការប្រគំតន្រ្តីធំសម្បើមជាបន្តបន្ទាប់ នៅទូទាំងរាជធានី ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយកាន់តែពិសេសទៀតនោះ ក្រុមហ៊ុនទាំងពីរបាននិងកំពុងសហការរៀបចំកម្មវិធីប្រឡងចម្រៀង «CAMBO RAPPER» ដែលជាកម្មវិធីប្រឡងចម្រៀងថ្មីរៀបចំឡើងដើម្បីជួយជ្រោមជ្រែងវិស័យចម្រៀង Hip Hop និងចម្រៀងរ៉េបរបស់កម្ពុជា និងជាពិសេស ដើម្បីបង្កើតធនធានមនុស្ស សិល្បករវ័យក្មេង និងថ្មីៗបន្ថែមទៀត។ ជាមោទនភាពណាស់ ដែលកម្មវិធីប្រឡងចម្រៀង «CAMBO RAPPER» នេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើមពីមហាជនទាំងក្នុងនិងក្រៅ ប្រទេសផងដែរ ៕









