កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ប្រឹងទប់ទឹកភ្នែកស្ទើរតែមិនជាប់នៅពេលលោកស្រីជូនកូនស្រីចិញ្ចឹមអាយុ១៧ឆ្នាំនាងZahara ចូលរៀននៅមហាវិទ្យាល័យសិល្បៈ Spelman College នៅទីក្រុងAtlanta នៃសហរដ្ឋអាមេរិកនៅថ្ងៃ១០សីហា។
តួឯកស្រីនៅក្នុងភាពយន្តរឿង Eternals រូបនេះ បានជូនកូនស្រីទៅមហាវិទ្យាល័យ នៅពេលកូនត្រៀមចាប់ផ្តើមឆ្នាំសិក្សាដំបូងនៅរដូវស្លឹកឈើជ្រុះ ហើយតារាស្រីJolie ត្រូវបានគេមើលឃើញថាលោកស្រីមានអារម្មណ៍ខ្សឹកខ្សួលនៅពេលលោកស្រីជជែកជាមួយនាយក និងនាយករងសាលា។
តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមអនឡាញ នៅពេលនាយកសាលាបានសួរលោកស្រីAngelina ថាមានអារម្មណ៍យ៉ាងណាដែរ ក្នុងនាមលោកស្រីជាអ្នកម្តាយម្នាក់របស់សិស្សមហាវិទ្យាល័យសិល្បៈSpelman ។ កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ក៏តបទៅវិញថា «ខ្ញុំស្ទើរតែយំទៅហើយ ។ ខ្ញុំខំប្រឹងទប់ទឹកភ្នែក»។
គិតត្រលប់ទៅខែកក្កដាវិញលោកស្រីJolieប្រាប់ថាកូនស្រីZahara របស់លោកស្រី នឹងចូលរៀនមហាវិទ្យាល័យសិល្បៈដែលគេឃើញលោកស្រីបង្ហាញរូបថតលោកស្រីថតជាមួយក្រុមសិស្សសាលានិងសរសេរថា “Zahara និងបងប្អូនស្រីនាងនៅសាលាSpelman!អបអរសាទរសិស្សថ្មីទាំងអស់ចាប់ផ្តើមនៅឆ្នាំនេះ។ ជាទីកន្លែងពិសេស និងជាកិត្តិយសដែលមានសមាជិកគ្រួសារជាសិស្សថ្មីនៅសាលាSpelman.”។
Zahara ជាកូនស្រីចិញ្ចឹមរបស់កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie និងអតីតស្វាមីរបស់លោកស្រីគឺលោក Brad Pitt ដែលជាតារាភាពយន្តហូលីវូតដូចគ្នា។ Brad Pitt ថ្មីៗនេះក៏បានលើកសរសើរកូនស្រីZahara ដែលត្រៀមនឹងចូលរៀននៅមហាវិទ្យាល័យផងដែរ។
លោកស្រី Jolie និងលោក Pitt ទាំង២នាក់ជាឳពុកម្តាយរបស់កូនប្រុស Maddox(អាយុ21ឆ្នាំ ដែលបច្ចុប្បន្នកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង) និងកូនប្រុស Pax(អាយុ 18ឆ្នាំ), កូនស្រី Shiloh( អាយុ16ឆ្នាំ), ហើយនិងកូនភ្លោះ Vivienne និងKnox (អាយុ១៤ឆ្នាំ)។

https://t.me/officials_pokerdom/3269