នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានចេញសារវីដេអូប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដែលទង្វើនេះខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។
លោកឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញការយល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ កុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។
កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់ សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយមិនដែលចាត់ទុកប្រទេសជិតខាងណាមួយជាសត្រូវឡើយ។
ថ្មីៗនេះ ឃ្លីបវីដេអូមួយដែលបង្ហាញរូបថតស្រដៀងនឹងសម្តេចតេជោទៅដាក់តាំងជាផ្ទាំងស៊ីបសម្រាប់ការបាញ់ភ្នាល់យករង្វាន់នៅប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៦ ខែតុលា បានចាត់ទុកអ្វីដែលបង្ហាញក្នុងវីដេអូនោះថា ជាទង្វើអសីលធម៌ និងហាមពលរដ្ឋកុំឲ្យយកតម្រាប់តាម៕