អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើម្ហូបម្ជួរគ្រឿងសាច់គោ ជូនវីរកងទ័ពឈរជើងនៅចំណុចប្រាសាទតាក្របី

ក្នុងបេសកកម្មគាំទ្រកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកដល់«ប្រាសាទតាក្របី» ហើយផ្តល់កម្លាំងចិត្តដ៏ក្លៀក្លាគាំទ្រដល់បងៗវីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ។

ក្នុងការបេសកកម្មគាំទ្រកងទ័ពជួរមុខ ធ្វើឡើងបន្ទាប់ពីទទួលការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្នុងការបន្តបេសកកម្មចុះផ្ទាល់ធ្វើម្ហូបជូនដល់វីរកងទ័ពជួរមុខ។ សម្រាប់បងៗកងទ័ពជួរមុខនៅចំណុចប្រាសាទតាក្របី ក្រុមការងារបានសម្លម្ជួរគ្រឿងសាច់គោ ២ខ្ទះត្នោតធំតែម្តងជូនបងៗវីរកងទ័ពស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការចុះជួប វីរកងទ័ពកម្ពុជា នៅចំណុចប្រាសាទតាក្របី គឺបង្ហាញពីទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។

ក្រុមងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់អ្នកឧកញ៉ាប្រធាន ជូនដល់បងៗកងទ័ពផងដែរ។ ហើយសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរភាពរបស់កងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិ ការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *