សិល្បករជើងចាស់ ហម ឈរ៉ា បង្ហាញការព្រួយបារម្ភអក្សសាស្រ្តខ្មែរត្រូវបាត់បង់ 

សិល្បករជើងចាស់អំឡុងទស្សវត្សឆ្នាំ៩០ លោក ហម ឈរ៉ា កាលពីពេលថ្មីៗកន្លងទៅនេះបានសម្ដែងក្ដីព្រួយបារម្ភជាខ្លាំងចំពោះអក្សសាស្ត្រខ្មែរ ខណៈដែលបច្ចុប្បន្នការសរសេរមួយចំនួនកំពុងមានការភ្លាំងភ្លាត់ ពិសេសនៅលើបណ្ដាញសង្គមភាគច្រើនអ្នកសរសេរនិយមសរសេរកាត់ និងមិនត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធ ។

លោកដង្ហោយថា តើអក្សរជាតិដូនតាប៉ុន្មានពាក្យនេះអាចនឹងបាត់បង់ទៅថ្ងៃក្រោយទេ ខណៈដែលការសរសេរក្នុងពេលបច្ចុប្បន្ននេះបំបាត់ពាក្យដើម និងជំនួសដោយពាក្យកាត់ទៅវិញនោះ ។ ការព្រួយបារម្ភរបស់សិល្បករជើងចាស់លោក ហម ឈរ៉ា មិនបានសំដៅទៅលើអក្សសាស្រ្តទាំងអស់នោះទេ តែលោកបានសង្កត់ធ្ងន់ទៅលើពាក្យមួយចំនួនប៉ុណ្ណោះ ដូចជាពាក្យ”កំពុង ខ្ញុំ ឥឡូវ” និងពាក្យមួយចំនួនទៀត ដែលត្រូវបានជំនួសដោយពាក្យកាត់ ឬនិយាយកាត់ធ្វើឱ្យខុសអក្ខរាវិរុទ្ធ ។ លោក ហម ឈរ៉ា អះអាថា ទម្លាប់យកភាសានិយាយមកសរសេរ ឬក៏សរសេរកាត់ យូរៗទៅនឹងបាត់ពាក្យដើមបានសម្រេច ។

សិល្បករជើងចាស់លោក ហម ឈរ៉ា និយាយថា «តើអក្សរជាតិដូនតាប៉ុន្មានពាក្យនេះអាចនឹងបាត់បង់ទៅថ្ងៃក្រោយទេ? កំពុង ជំនួសដោយ ពុង, ខ្ញុំ ជំនួសដោយ ញុំ ឬញុម, ឥឡូវ ជំនួសដោយ ឡូវឬលូវ, និយាយ ជំនួសដោយ យាយ, អង្គុយ ជំនួសដោយ គុយ, ភ្នំពេញ ជំនួសដោយ ពេញ, ប៉ុន្មាន ជំនួសដោយ ម៉ាន, ថ្ងៃ ជំនួសដោយ ងៃ….។ល។ នេះក៏ព្រោះតែទម្លាប់យកភាសានិយាយមកសរសេរឬក៏សរសេរកាត់ ។ កាត់យូរៗទៅដាច់បានសម្រេចហើយ កូនចៅសុំទោសដូនតាផងដែលកូនចៅមិនអាចថែរក្សាអក្សរដូនតាប៉ុន្មានពាក្យនេះឱ្យត្រឹមត្រូវបាន» ។

សូមរំលឹកថា តារាសម្ដែងជើងចាស់លោក ហម ឈរ៉ា ជាអតីតតួឯកដែលមួយរូបដែលមានឈ្មោះបោះសំឡេងក្នុងខ្សែភាពយន្តខ្មែរ កាលពីអំឡុងឆ្នាំ២០០០ជាង ។ ខ្សែភាពយន្តដែលលោកសម្តែងលើកដំបូងគឺរឿង «សំឡេងទ្រខ្មែរ» ដែលរឿងនេះមានការគាំទ្រដូចទឹកបាក់ទំនប់ ហើយក៏ជាភាពយន្តដែលបានធ្វើឲ្យលោកចាប់មានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈផងដែរ ។

ជាការកត់សម្គាល់ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈ លោក ហម ឈរ៉ា មិនដែលលេចធ្លាយ ឬមានរឿងអាស្រូវផ្ទាល់ខ្លួនម្ដងណាឡើយ  ប៉ុន្តែលោកជាបុគ្គលគំរូមួយរូបដែលត្រូវបានប្រជាពលរដ្ឋស្នេហាវិស័យភាពយន្ដខ្មែរពោលសរសើរមិនថា មានទេពកោសល្យ និងរូបសម្បត្តិ មានការលើកស្ទួយសិល្បៈវប្បធម៌ ប្រពៃណី អត្តសញ្ញាណ និងអក្សរជាតិជាដើម ។ ជារឿយៗលោកតែងបញ្ចេញប្រតិកម្មហាក់ខ្វាយខ្វល់ចំពោះជោគវាសនាភាសាជាតិ ខណៈដែលកូនចៅជំនាន់ក្រោយមួយចំនួនហាក់មិនព្យាយាមសរសរឲ្យបានត្រឹមត្រូវ និងប្រើសូរសព្ទខ្មែរតែសរសេរជាភាសាអង់គ្លេសជាដើម ៕

អត្ថបទ៖ ម៉ៅ វិបុល 

 

Leave a Reply

Your email address will not be published. Required fields are marked *