លេចឡើងទស្សនៈផ្សេងៗគ្នា ក្រោយ សាយ សៀរ៉ា លើកដៃស្បថមុខលោកយាយពេញ

កន្លងមក មានការចោទប្រកាន់ថា តារាសម្ដែង សាយ សៀរ៉ា មានជាប់ពាក់ព័ន្ធជាមួយអ្នកនាង ចោម ក្វាន់ ក្នុងករណីឆបោកប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់ខាតបង់លុយកកាក់រាប់ម៉ឺនដុល្លារនោះ។ ទោះបីជាយ៉ាងណា ក្រោយស្ងប់ស្ងាត់មួយរយៈ ម្សិលមិញនេះ សាមីខ្លួនតារាសម្ដែងខាងលើបានបង្ហាញមុខបញ្ជាក់នៅចំពោះមុខវត្ថុសក្ដិសិទ្ធិលោកយាយដូនពេញយ៉ាងច្បាស់ៗរួចហើយ។

សាមីខ្លួនលោក សាយ សៀរ៉ា បាននិយាយថា លោកមិនបានរួមគំនិតជាមួយអ្នក ចោម ក្វាន់ បោកប្រាស់លុយរបស់មហាជននោះទេ ព្រោះខ្លួនជាសិល្បករគ្រាន់តែចូលរួមផ្សព្វផ្សាយក្នុងនាមជាសិល្បករ ដែលក្រុមហ៊ុនលក់មាសពេជ្រ«ចម្រើនសុវត្ថិភាព»បានជួលទៅដោយទទួលបានថ្លៃពលកម្មប៉ុណ្ណោះ។ ចំណែករឿងផ្សេងទៀត ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនលោកមិនបានដឹងនោះទេ។
បន្ទាប់ពីសាមីខ្លួនលោក សាយ សៀរ៉ា ចេញមុខបដិសេធ និង លើកដៃស្បថមុខលោកយាយពេញដូច្នេះ គេឃើញមានទស្សនៈពីរប្រភេទបានលេចឡើង គឺព្រមទទួលយកនូវហេតុផលសមរម្យររបស់តារាសម្ដែងរូបនេះ។ ប្រិយមិត្តខ្លះយល់ថា ៖ “គាត់(សាយ សៀរ៉ា) និយាយច្បាស់លាស់ត្រឹមត្រូវហើយ គាត់ជាតារាសម្តែងតែគេហៅគេជួល គាត់ទៅហើយពេលចប់កាងាគាត់បើកលុយមកផ្ទះ។ ហើយណាមួយគ្មានអ្វីអះអាងថា គាត់ហ្នឹងចូលរួមគំនិតបោកប្រជាជនទេ តាមតែមើលរបៀបគាត់បកស្រាយទៅគាត់មិនដឹងរឿងរ៉ាវអ្វីពាក់ព័ន្ធជាមួយនឹងអ្នកនាង ចោម ក្វាន់ ទេ អ៊ីចឹងហើយសុំឲ្យបងប្អូនយើងគិតម្តងទៀតមុនចោទប្រកាន់គាត់”

ក្រៅពីនេះក៏មានអ្នករួមអាជីពខ្លះលើកឡើងស្រដៀងគ្នាដែរ ៖ “ខ្ញុំក៏អ្នកសិល្បៈដែរ ខ្ញុំយល់ច្បាស់ណាស់ ។ ដូចបង សៀរ៉ា បញ្ជាក់អ៊ីចឹង គឺមិនពាក់ព័ន្ធទេព្រោះឡាយចប់មកផ្ទះ ។ ហើយត្រង់ថា គាត់ប្រម៉ូតថាល្អ អញ្ចេះអញ្ចុះ គឺថាតាមអ្នកជួលទេ បើមិនថាតាម អ្នកណាបើកលុយឲ្យ? បងសៀរ៉ា មិនមានកំហុសពាក់ព័ន្ធទេ សូមបងប្អូនយល់ពីគាត់ផង ។ ជាពិសេសអ្នកខមិនខ្លះអសីលធម៌ណាស់ ជេស្ដីថាឲ្យគាត់ សព្វគ្រប់ ដៀលអ្នកសិល្បៈខ្មែរគ្នាឯង មាក់ងាយសព្វយ៉ាង ត្រូវចាំថាពាក្យសម្ដីគ្រប់ម៉ាត់ហាចេញ ពាក្យខ្លះជាពាក្យកុសល ពាក្យខ្លះជាកម្ម”។

ដោយឡែកក៏មានទស្សនៈផ្ទុយពីនេះ ដោយចាត់ទុកលោក សាយ សៀរ៉ា គ្រាន់តែយករួចខ្លួនប៉ុណ្ណោះក្រោយចូលរួមប្រព្រឹត្តអំពើឆបោកជនរងគ្រោះ

សូមបញ្ជាក់ថា ថ្មីៗនេះរឿងរ៉ាវមួយបានផ្ទុះឡើងបង្កការភ្ញាក់ផ្អើល ខណៈប្រជាពលរដ្ឋជាច្រើននាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងករណីចាញ់បោកក្រុមហ៊ុនលក់មាសពេជ្រ ចម្រើនសុវត្ថិភាព ជារបស់អ្នកនាង ចោម ក្វាន់ ដោយពួកគេត្រូវបង់ខាតប្រាក់ចាប់ពី១ម៉ឺនដុល្លាររហូតដល់១០ម៉ឺនដុល្លារចំពោះការធ្វើជាតំណាងលក់មាសឲ្យស្រី្តអ្នកជំនួញខាងលើ។
ក្រោយមកទើបដឹងថា ចាញ់បោកស្រ្តីរូបនេះ ហើយពួកគាត់ក៏ចេញមុខធ្វើការតវ៉ាទាមទារប្រាក់របស់ខ្លួនវិញ និងមានការរាលដាលដល់តារាសម្ដែង សាយ សៀរ៉ា ដែលធ្លាប់បានចូលរួមប្រូម៉ូដផ្សព្វផ្សាយកន្លងមក។ ទោះបីជាយ៉ាងណាហាងមាស “ចម្រើនសុវត្ថិភាព” នៅតាមបណ្ដោយផ្លូវជាតិលេខ៦អាត្រូវបានអ្នកនាង ចោម ក្វាន់ ដឹកសម្ភារៈទាំងយប់ចេញអស់ហើយ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមានការចោទប្រកាន់ចំពោះអ្នកជំនួញអនឡាញល្បីអ្នកនាង ចោម ក្វាន់ ពាក់ព័ន្ធនឹងការឆបោក។ កន្លងមកស្រ្តីអ្នកជំនួញអនឡាញល្បីរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងករណីឆបោករឿងលក់កាបូបអន់ៗបន្លំមហាជនថាជារបស់ប្រ៊ែនៗផងដែរ។ សូម្បីក្រុមហ៊ុនមេធាវីក៏ត្រូវស្ត្រីរូបនេះបោកអស់លុយចំនួន៣ម៉ឺនដុល្លារ ដែលជាថ្លៃសេវាកម្មមេធាវីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *