ជោគជ័យខ្លាំង! សួស វីហ្សា គ្រោងបើកអាជីវកម្មធំមួយនៅភ្នំពេញ

អ្នកនាង សួស វីហ្សា នៅមុននេះបានប្រកាសស្ទង់មតិអ្នកគាំទ្រ អំពីគម្រោងបើកអាជីវកម្មធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំង។ ប្ដីប្រពន្ធសិល្បករមួយគូនេះ មានគម្រោង បើកហាងលក់ម៉ូតូ ស្របពេលតម្រូវការមធ្យោបាយធ្វើដំណើរប្រភេទនេះកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។

នៅលទំព័រហ្វេសប៊ុកតារាចម្រៀង សួស វីហ្សា បាននិយាយដោយចោទជាសំណួរស្ទង់មតិថា «តើមានការគាំទ្រពីបងប្អូនខ្មែរយើងទេ បើខ្ញុំបើកហាងលក់ម៉ូតូ នៅក្រុងភ្នំពេញ បងប្អូនអាចទិញបង់រំលោះបាន ឬចង់ទិញដាច់ក៏បាន បើមានការគាំទ្រពីបងប្អូនខ្ញុំសម្រេចតាមសន្ទុះការគាំទ្រ និងជួយទិញពីបងប្អូន» ។

ការប្រកាសតម្រុយនៃអាជីវកម្មធំមួយនេះត្រូវបានគេដឹងថា បានធ្វើឡើងបន្ទាប់ពីប្ដីប្រពន្ធតារាសម្ដែង និងចម្រៀងមួយគូនេះ ទទួលបានបទពិសោធន៍ជោគជ័យខ្លាំងលើមុខជំនួញជាច្រើននាពេលកន្លងមក ដែលមានដូចជាការឡាយលក់កាបូបតាមអនឡាញ គម្រោងដីឡូតិ៍ ការសហការជាមួយក្រុមហ៊ុន ដាណា ទ្រី និងមុខជំនួញផ្សេងមួយចំនួនទៀត ។

សូមរំលឹកថា ក្រៅពីភាពជោគជ័យនៅលើវិថីសិល្បៈ តារាចម្រៀងកូនមួយអ្នកនាង សួស វីហ្សា ត្រូវបានគេសង្កេតឃើញថា ក៏កាក់កបខ្លាំងលើមុខជំនួញផងដែរ ។ ជាក់ស្ដែងការឡាយលក់កាបូបតាមអន ប្ដីប្រពន្ធអ្នកនាង សួស វីហ្សា ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយចំនួននៃការចូលទស្សនាការឡាយម្ដងៗមានរហូតដល់ជាង១០០k Views ឬជាង១០ម៉ឺននាក់ទស្សនា ។

ក្រៅពីនោះប្ដីប្រពន្ធតារាចម្រៀង សួស វិហ្សា និងតារាសម្ដែងលោក ថមមី ក៏កាក់កបខ្លាំងជាមួយការធ្វើជំនួញដីឡូតិ៍ និងការសហការលក់ផលិតផលអាហារបំប៉នសុខភាពជាមួយក្រុមហ៊ុនរបស់អ្នកស្រី ទ្រី ដាណា ។

ទន្ទឹមនឹងភាពជោគជ័យ និងការគាំទ្រពីសំណាក់អ្នកគ្រាំទ្រខ្មែរនោះ កន្លងមកតារាសម្ដែងលោក ប៊ុនថុល ប៊ុនថង ឬលោក ថមមី ស្វាមីតារាចម្រៀង សួស វីហ្សា ធ្លាប់បានបង្ហើបថា លោកមានបំណងចង់បើកកន្លងលក់រថយន្ដ ប៉ុន្តែនៅមុននេះ សួស វីហ្សា ជាភរិយាបានប្រកាសចង់បើកកន្លែងលក់ម៉ូតូទៅវិញ ។ បើទោះជាយ៉ាងណា វីហ្សា បានបញ្ជាក់ដែរថា នេះគ្រាប់តែជាជំហានដំបូងនៃការស្ទង់មតិអ្នកគាំទ្រតែប៉ុណ្ណោះ ការបើកលក់ពិតមែន ឬយ៉ាងណានៅមិនទាន់ច្បាស់នៅឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *