មេតុងទីនហ្វេសប៊ុក ឡុង រ៉ានី (ម៉ាក់ សក្កិសក្កិ) ត្រូវបាននាំពីពន្ធនាគារ PJ មកតុលាការ ដើម្បីសាកសួរលើបណ្ដឹងថ្មីជាច្រើន

មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់សក្កិសក្កិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៧០ ជ១ ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនាំមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើពាក្យបណ្ដឹងជាច្រើនរបស់កូនតុងទីនផ្សេងទៀត ដែលបានប្ដឹងមេតុងទីនរូបនេះ លើករណីឆបោកប្រាក់តុងទីនយ៉ាងសន្ធឹកសន្ធាប់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទស ធ្វើការចាប់ខ្លួនតាមដីការបញ្ជាឱ្យចូលខ្លួនលេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការ មេតុងទីនរូបនេះត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ។

គិតមកទល់បច្ចុប្បន្ននេះ មេតុងទីនឈ្មោះ ឡុង រ៉ានី និងប្ដីឈ្មោះ គឹម ខេមរឹទ្ធ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងព្រហ្មទណ្ឌប្រមាណជា ១០បណ្ដឹង ដែលមានកូនតុងទីនជាច្រើននាក់ ធ្វើការប្ដឹងចោទប្រកាន់មកលើមេតុងទីនរូបនេះ និងប្ដី អំពីករណីឆបោកប្រាក់តុងទីន។

ករណីឆបោក តាមរយៈការលេងតុងទីននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ក្លាយខ្លួនជាជនរងគ្រោះ ទទួលរងនូវការខាតបង់ប្រាក់កាសអស់ពីខ្លួន ដោយសារតែមានការជឿទុកចិត្តទៅលើមេតុងទីន ដែលតែងតែសំញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្ដល់ការធានាលើការបង្ខិលប្រាក់ជូនកូនតុងទីនវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *