តួអង្គរ៉ាំបូ ត្រូវភរិយាសុំលែងលះបញ្ចប់ចំណងស្នេហ៍២៥ឆ្នាំ

លោកស្រី Jennifer Flavin Stallone ភរិយាតារាភាពយន្តហូលីវូតលោក Sylvester Stallone ឬដែលមហាជនខ្មែរយើងស្គាល់ថាជាតួអង្គរ៉ាំបូ(Rambo) បានដាក់ពាក្យបណ្តឹងសុំលែងលះតារាភាពយន្តល្បីឈ្មោះរូបនេះ បញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដែលមានរយៈពេលមក២៥ឆ្នាំ។

បណ្តឹងសុំលែងលះរបស់គូស្វាមីតារាសិល្បៈហូលីវូតរូបនេះ ត្រូវបានធ្វើឡើងនៅតុលាការ Florida នៃសហរដ្ឋអាមេរិក។ តាមពាក្យបណ្តឹងសុំលែងលះ លោកស្រី Jennifer Stallone បានស្នើសុំគ្រប់គ្រងផ្ទះនៅរដ្ឋFlorida និងសុំប្តូរឈ្មោះនាងទៅឈ្មោះដើមវិញ Jennifer Flavin រួមនិងបែងចែកទ្រព្យសម្បត្តិផ្សេងៗផងដែរ។ លោកស្រី Jennifer បានអះអាងថា ស្វាមីរបស់នាងដែលជាតារាភាពយន្តតួអង្គរ៉ាំបូ ចាយវាយលុយដែលគួរតែជារបស់នាងយ៉ាងខ្ជះខ្ជាយដោយចេតនា។

មកដល់ពេលនេះតារាភាពយន្តStallone នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះបណ្តឹងលែងលះរបស់ភរិយាលោកនៅឡើយទេ។ ចំណែកការសុំអត្ថាធិប្បាយពីបណ្តាញសារព័ត៌ មាន ក៏មិនទាន់ឃើញតារាភាពយន្តរូបនេះតបវិញនៅឡើយដែរ។

គូស្វាមីភរិយា២៥ឆ្នាំមួយគូនេះ មានកូនស្រី៣នាក់ ពួកគេសុទ្ធតែធំពេញវ័យដូច្នេះសិទ្ធិគ្រប់គ្រងកូន មិនមែនជាបញ្ហាដែលត្រូវដោះស្រាយឡើយសម្រាប់ពួកគេ។

លោក Sylvester Stallone អាយុ៧៦ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាតួអង្គដ៏ល្បី Rocky និង Rambo ។ លោក បានរៀបការជាមួយនាងJennifer Stalloneអាយុ៥៤ឆ្នាំជាពាណិជ្ជករនិងជាអតីតតារាបង្ហាញម៉ូត នៅទីក្រុងLondon កាលពីឆ្នាំ១៩៩៧។អាពាហ៍ពិពាហ៍ជាមួយភរិយានាងJennifer Stallone គឺជាអាពាហ៍ពិពាហ៍ទី៣របស់លោកRambo ប៉ុន្តែជាអាពាហ៍ពិពាហ៍ទី១សម្រាប់នាង Jennifer Stallone៕

Leave a Reply

Your email address will not be published. Required fields are marked *