អ្នកស្រី ទ្រី ដាណា ផ្ដល់ឱកាសដល់ ប៊ុត សីហា មុនគេ

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា តែងតែទទូចសុំឱកាសវិលចូលសិល្បៈវិញ បន្ទាប់ពីរូបគេមានការភ្ញាក់រលឹកហើយកែខ្លួនឡើងវិញ។ ជាមួយគ្នានោះរូបគេតែងទទួចសុំការអនុគ្រោះពីមហាជន និងងាកមកគាំទ្ររូបគេដូចកាលពីមុន។

ទោះបីជារូបគេបានទទួចជារឿយៗបែបនេះក្ដី ប៉ុន្តែកន្លងមកហាក់មិនទាន់មានផលិតកម្មណាអើពើចំពោះការដង្ហោយនោះឡើយសូម្បីផលិតកម្មហង្សមាស ដែលរូបគេធ្លាប់ជ្រកកោន។ ទើបតែពេលនេះ រូបគេមានឱកាសបានជូបស្ត្រីជាអ្នកជំនួញល្បីឈ្មោះ ទ្រី ដាណា ទំនងប្រហែលជាស្ពានអាចជួយឲ្យរូបគេសម្រេចបំណងបានក្នុងរូបភាពណាមួយជាក់ជាមិនខាន។

នៅលើបណ្ដាញសង្គម អ្នកស្រី ទ្រី ដាណា បានលើកឡើងថា៖ “  អ្នកណាក៏ធ្លាប់មានកំហុសដែរ តែសំខាន់ចេះកែខ្លួន អាចចាប់ផ្ដើមអ្វីៗជាថ្មីឡើងវិញ។ សម្រាប់ខ្ញុំ ស្រលាញ់អ្នកមានសមត្ថភាព ចូលចិត្តផ្ដល់ឱកាស និងជួយដល់អ្នកដទៃ ដែលមានឆន្ទៈពិតៗ។ សង្ឃឹមថា ពួកគាត់អាចសម្រេចគោលបំណងខ្លួនឯង និងជូនពរសម្រេចគោលដៅ”។

ទោះបីជាយ៉ាងណា អ្នកស្រី ទ្រី ដាណា មិនបានបញ្ជាក់ថា នឹងជួយ ប៊ុត សីហា តាមរូបភាពណានោះទេ។ ប៉ុន្តែបើយោងតាមសំណេររបស់តារាចម្រៀងមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះ អ្នកស្រី ទ្រី ដាណា ជួយរូបគេតាមរយៈការផ្ដល់ផលិតផលដែលក្រុមហ៊ុនរបស់អ្នកស្រីមានយកទៅលក់បន្តបង្កើតជាប្រាក់ចំណូល ជាទុនសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងសម្រេចបំណងសម្រាប់ផលិតបទចម្រៀង ដែលជាបំណងរបស់លោក។

គួរបញ្ជាក់ថា លោក ប៊ុត សីហា គឺជាម្ចាស់ជយលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៤ កាលនោះរូបគេមានប្រជាប្រិយភាពយ៉ាងខ្លាំង និងកេរ្តិ៍ល្បីពេញប្រទេស។ តែមិនបានប៉ុន្មាន កេរ្តិ៍ឈ្មោះដ៏ក្រអូបសាយរបស់គេត្រូវបានរលាយសាបសូនត្រឹមមួយប៉ព្រិចភ្នែក ដោយសារដើរខុសផ្លូវ ប្រព្រឹត្តអំពើមិនគប្បីដែលធ្វើឲ្យរូបគេបាត់បង់គ្រប់យ៉ាងទាំងកេរឈ្មោះ កិត្តិយស និងឱកាសក្នុងសិល្បៈ។

មួយរយៈចុងក្រោយនេះគេឃើញម្ចាសបានរូបនេះ ព្យាយាមសុំឱកាសពីស្ត្រីជាអ្នកជំនួញរូបនេះជារឿយៗ ហើយពេលនេះបានសម្រេចដូចបំណង។ អ្នកស្រី ទ្រី ដាណា បង្ហាញក្ដីរំពឹងថា ប៊ុត សីហា នឹងសម្រេចបំណងរបស់គេ ហើយអ្នកស្រីសូមជូនពរឲ្យសម្រេចគោលដៅផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *