មិនធម្មតា Paing Takhon តារាភាពយន្ត មីយ៉ាន់ម៉ាជាម្ចាស់ភាគហ៊ុនធនាគារមួយ

នៅក្នុងពិភពសិល្បៈរបស់ប្រទេសមីយ៉ាន់ម៉ា លោក Paing Takhon ជាតារាភាពយន្ត តារាបង្ហាញម៉ូត និងតារាចម្រៀង។ នៅក្នុងផ្នែកពាណិជ្ជកម្មវិញ តារាភាពយន្តមីយ៉ាន់ម៉ារូបនេះ ជាម្ចាស់ភាគហ៊ុនធនាគារឯកជន និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង របស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានមួយនេះ។ បើក្រឡេកមើលទៅផ្នែកនយោបាយវិញ តារាភាពយន្តវ័យក្មេង លោក Paing Takhon កើតនៅខែកញ្ញា ឆ្នាំ១៩៩៦ រូបនេះជាសកម្មជននយោបាយប្រជាធិបតេយ្យដ៏សកម្មម្នាក់នៅប្រទេសមីយ៉ាន់ម៉ា។

លោក Paing Takhon មានទីកំណើតនៅប្រទេសមីយ៉ាន់ម៉ា ជាកូនទី៤ក្នុងចំណោមបងប្អូន៦នាក់ មានបងប្រុសម្នាក់ បងស្រី២នាក់ និងប្អូនប្រុស២នាក់។ លោកបានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈមីយ៉ាន់ម៉ា ជាតារាបង្ហាញម៉ូត។

នៅឆ្នាំ២០១៤ Takhon លោកបានចូលរៀនដើរបង្ហាញម៉ូត និងបានចាប់យកអាជីពជាតារាបង្ហាញ ម៉ូត។ រូបសម្បត្តិស្រស់សង្ហា ទេពកោសល្យ និងឱកាស បានរុញច្រានបុរសមីយ៉ាន់ម៉ារូបនេះ ទទួលបានការងារជាច្រើន មានថតផ្សព្វផ្សាយពាណិជ្ជកម្ម និងការដើរបង្ហាញម៉ូតលើវេទិកាធំៗរាប់មិនអស់ និងជាតារាក្របមុខទស្សនាវដ្តីជាច្រើន។ បន្ទាប់មកវត្តមានរបស់លោកបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ក៏ត្រូវបានបង្ហាញឡើងតាមរយៈស្នាដៃការងារជាតារាផ្សព្វផ្សាយពាណិជ្ជកម្ម ហើយក៏បានឈានជើងចូលថតវីដេអូបទចម្រៀង។

ការខិតខំប្រឹងប្រែបំពេញការងារឥតឈប់ឈរ ជាតារាបង្ហាញម៉ូត និងភាពល្បីល្បាញខ្លាំងជាតារាថតផ្សព្វផ្សាយពាណិជ្ជកម្មធ្វើអោយវិស័យឧស្សាហកម្មភាពយន្តចាប់អារម្មណ៍លើរូបលោកយ៉ាងខ្លាំង ដូច្នេះហើយឱកាសថតភាពយន្តជាច្រើនក៏បានរត់ចូលមករកលោកជាបន្ត បន្ទាប់និងមានអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុក។

លោក Paing Takhon ស្ថិតនៅក្នុងចំណោមប្រជាជនមីយ៉ាន់ម៉ាតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលជាប់ឈ្មោះល្បីល្បាញនៅក្រៅប្រទេស។ នៅឆ្នាំ២០១៩ លោក Paing Takhon បានជាប់ឈ្មោះក្នុងបញ្ជីតារាភាពយន្តកំពូលទាំង១០ Top 10 Actors របស់ទស្សនាវដ្តី The Myanmar Times ។

ជីវិតនៅក្នុងផ្នែកនយោបាយរបស់តារាភាពយន្តលោក Paing Takhon ឃើញថា លោកត្រូវរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ខ្លួន និងកាត់ទោសអោយជាប់ពន្ធនាគារ៣ឆ្នាំ ពីបទចូលរួមបាតុកម្មទ្រង់ទ្រាយធំ ញុះញង់ឱ្យមានចលាចល និងអំពើហិង្សាប្រឆាំងរដ្ឋាភិបាល។ នេះក៏ដោយសារលោកចូលរួមធ្វើបាតុកម្មទាមទារប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា។ មិនត្រឹមតែចេញមុខបាតុកម្មក្នុងប្រទេសប៉ុណ្ណោះទេ តារារូបនេះក៏បានប្រើប្រាស់សំឡេង និងប្រជាប្រិយភាពរបស់ខ្លួន អំពាវនាវឱ្យអន្តរជាតិជួយដល់មីយ៉ាន់ម៉ាផងដែរ ព្រោះថារាល់ការធ្វើបាតុកម្មតែងតែមានវត្តមានតារារូបនេះមិនដែលលស់ថ្ងៃណាមួយឡើយចាប់តាំងពីមានរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែក្រោយមក តារាប្រុសរូបនេះត្រូវបានរដ្ឋាភិបាលសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ។

នៅក្នុងវិស័យពាណិជ្ជកម្ម តារាភាពយន្ត លោក Paing Takhon ជាដៃគូពាណិជ្ជកម្ម និងជាម្ចាស់ភាគហ៊ុនធនាគារឯកជន United Amara Bank របស់ប្រទេសមីយ៉ាន់ម៉ា ។ ក្រៅតែអំពីនេះទៅ លោកក៏ជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាងមួយរូបផងដែរ។ ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនវិញ តារាភាពយន្តមីយ៉ាន់ម៉ាលោក Paing Takhonរូបនេះ នៅមិនទាន់មានដំណឹងពីរឿងជីវិតស្នេហានៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *