ជនភៀសសឹកខេត្តព្រះវិហារ ២,៣២៩គ្រួរសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងាេសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបអាហារចំនួន ២ពេលប្រចាំថ្ងៃផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក ២គោលដៅ គឺជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៤៨គ្រួសារ ស្មើ ៦,៣៥៧នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៤៨១គ្រួសារ ស្មើ ១,៣៥៨នាក់ ដែលមានសរុបចំនួន ២,៥៣០គ្រួសារ ស្មើ ៧,៧១៥នាក់។

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕