ពិត ឬទេ? អ្នកមេម៉ាយ ពេជ្រ សូលីកា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបេក្ខជន Cambodian Idol ?

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀងហង្សមាស ពេជ្រ សូលីកា ខណៈមានចចាមអារ៉ាមជាច្រើននិយាយតៗគ្នាថា អ្នកមេម៉ាយកូនមួយរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយបេក្ខជនប្រឡងចម្រៀងកម្មវធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ ។ ពាក្យចចាមអារ៉ាមនេះបានកើតឡើងបន្ទាប់ពីអ្នកទាំងពីរបង្ហាញសកម្មភាពប្លែកៗ និងភាពស្និតស្នាលជាមួយគ្នាជាច្រើននៅលើបណ្ដាញសង្គម ។

ជាការពិតតារាចម្រៀងដ៏មានប្រជាប្រិយភាព និងពេញនិយម ពេជ្រ សូលីកា ត្រូវបានគេដឹងថា ទើបតែធ្លាយដំណឹងចែកផ្លូវជាមួយគូដណ្ដឹង ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៣ឆ្នាំ គឺលោក គីម ហាន ។ ប៉ុន្តែខណៈដំណឹងចែកផ្លូវពីអតីតគូដណ្ដឹងទើបទម្លាយឱ្យដឹងក្ដៅៗនេះ ស្រាប់តែមានចចាមអារ៉ាមនិយាយតៗគ្នាជាច្រើនថា អ្នកមេម៉ាយកូនមួយតែសម្រស់បានមិនចាញ់ក្រមុំអ្នកនាង ពេជ្រ សូលីកា កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយបេក្ខភាពប្រឡងកម្មវិធី Cambodian Idol ថុល សុភិទិ ។

ប៉ុន្តែចចាមអារ៉ាមនេះត្រូវបានសាមីខ្លួន គឺអ្នកនាង ពេជ្រ សូលីកា បានបដិសេដដោយលោកអំណះអំណាងយ៉ាងខ្លីពីរម៉ាត់ថា «Bro & Sis» ដែលមានន័យថា ទំនាក់ទំនងរបស់ខ្លួន និងបេក្ខជន ថុល សុភិទិ មិនមែនជាស្នេហា ឬជាសង្សារឡើយ ពោលគឺត្រឹមតែជាប្អូនប្រុស និងបងស្រីប៉ុណ្ណោះ ។

ថ្វីត្បិតតែមានការបកស្រាយពីអ្នកនាង ពេជ្រ សូលីកា ក៏ពិតមែនក្ដី តែអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ពិសេសអ្នកនិយមគាំទ្រ និងតាមដានពីជីវិតឯកជនរបស់តារាប្រុសស្រីទាំងពីរដួងខាងលើ ហាក់មិនអស់ចិត្ត និងកាន់តែមានមន្ទិលសង្ស័យ ខណៈប៉ុន្មានថ្ងៃមកនេះសកម្មភាព និងវីដេអូផ្អែមល្ហែមកៀកកិតគ្នារបស់ពួកគេបានបង្ហោះនៅលើ Story បណ្ដាញសង្គមកាន់តែច្រើនឡើង ដែលអ្នកខ្លះយល់ថា មិនសមទំនងជាទំនាក់ទំនងបងប្អូននោះឡើយ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនមានមន្ទិលជាងនេះទៀតនោះ ថ្មីៗនេះអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា បានព្រលយសំណេរយ៉ាងចម្លែកមួយ ក្រោយលែងលះគូដណ្ដឹងថា «ធ្វើអ្វីធ្វើទៅ កុំតែមកបោកចិត្តអ្នកមេម៉ាយទៅបានហើយ» ។ តាមរយៈសំណេរនេះធ្វើឱ្យអ្នកគាំទ្រមានមន្ទិលសង្ស័យថា ពេជ្រ សូលីកា ទំនងជាកំពុងស្ថិតក្នុងទំនាក់ទំនងណាមួយ ឬកំពុងមើលចិត្តគ្នាជាមួយនរណាម្នាក់ ។

ប៉ុន្តែជុំវិញមន្ទិលសង្ស័យរវាងនាង និងបេក្ខជន ថុល សុភិទិ ពេជ្រ សូលីកា បានបញ្ជាក់ថា ត្រឹមតែជាប្អូនប្រុស និងបងស្រីប៉ុណ្ណោះ ។ បើទោះជាយ៉ាងណា តារាញូស៍ នៅមិនអាចសុំការបញ្ជាក់បន្ថែមពីសាមីខ្លួនពាក់ព័ន្ធឡើយ ។

សូមរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ តារាចម្រៀងហង្សមាស ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ដែលជាអាណិកជនខ្មែរ-អូស្ត្រាលី គឺលោក គីម ហាន ហើយទទួលបានចំណងដៃកូនប្រុសម្នាក់ ក្រោយភ្ជាប់ពាក្យជាង១ឆ្នាំ ជាមួយលោក គីម ហាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។

យ៉ាងណាក្រោយរួមរស់ក្រោមដំបូលតែមួយជាប្ដីប្រពន្ធប្រមាណជិត៣ឆ្នាំ ចំណងស្នេហ៍តារាចម្រៀង ពេជ្រ សូលីកា និងគូដណ្ដឹងលោក គីម ហាន ក៏បានឈានដល់ផ្លូវបំបែកនៅពាក់កណ្ដាលឆ្នាំ២០២២នេះ ដោយពួកគេប្ដូរពីពាក្យថាប្ដីប្រពន្ធមកជាមិត្តភក្ដិល្អនឹងគ្នា ហើយប្ដេជ្ញាធ្វើជាឪពុកម្ដាយល្អរបស់កូនប្រុស ៕

អត្ថបទ៖ ម៉ៅ វិបុល

Leave a Reply

Your email address will not be published. Required fields are marked *