ចំណាយពេល២១ម៉ោងសាក់រូបលើជើង នេន ទុំ បែរជាត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ

ឌីជេ នេន ទុំ បានចំណាយពេល២១ម៉ោង ដើម្បីសាក់រូបលើកំភូនជើងរបស់ខ្លួន តែបែរជាត្រូវមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញការហួសចិត្ត និងប្រតិកម្មជាខ្លាំង ព្រោះតារាចម្រៀងរ៉េបរូបនេះបានសាក់រូបព្រះព្រហ្មនៅកន្លែងមិនសមទំនងបែបនេះ ។

កន្លងមកតារាចម្រៀងលោក នេន ទុំ ត្រូវបានគេសង្កេតឃើញថា គឺជាសិល្បករគំរូមួយរូបដែលតែងតែលើកតម្កើង និងផ្សព្វផ្សាយពីវប្បធម៌អរិយធម៌ខ្មែរ មិនថាក្នុងវីដេអូបទចម្រៀង និងការរស់នៅប្រចាំថ្ងៃ ។ ប៉ុន្តែថ្មីៗនេះ នេន ទុំ បានសាក់រូបព្រះព្រហ្ម ដែលដូនតាបុព្វបុរសធ្លាប់បានគោរពបូជា និងនៅតែមានការគោរពរហូតមកដល់សព្វថ្ងៃ ធ្វើឲ្យអ្នកប្រើបណ្ដាញសង្គមបានលើកឡើងថា ទង្វើររបស់តារារ៉េប នេន ទុំ គឺជាទង្វើរមួយដែលខុសឆ្គង ដែលចង់ល្បីជ្រុលនិយម និងទទូចឱ្យតារារ៉េបរូបនេះធ្វើការលុបចេញផងដែរ ។

គណនីមួយដែលមានឈ្មោះ Heng Mengseng បានលើកឡើងនៅក្នុងបង្ហោះនោះយ៉ាងដូច្នេះថា យើងគិតថា ការចាក់សាក់ បែបលំអរ ឬក៏ជួយផ្សព្វផ្សាយអ្វីមួយ….! មុននឹងចាក់យើងគិតថា គួរចាក់កន្លែងណាឲ្យសម នឹងរូបនីមួយៗ។ ប៉ុន្តែនេះគឺរូបព្រហ្មបាយ័នណាបងៗមានបានគិតអត់ថា នៅពេលដែលស្លៀកខោ តើមានន័យបែបណា….? ណាមួយជារូបដែលគេគ្រប់គ្នា ព្រមទាំងបងគោរពផងដែរ ចុះហេតុអ្វីបានជាបងចាក់នៅជើង ខ្វះអីកន្លែងត្រឹមចង្កេះឡើងលើ … សូមអភ័យទោសផង បើខំមិនខុសឆ្គងពីព្រោះគិតថា ចាក់សាក់រូបព្រហ្មបាយ័ន នៅហ្នឹងជើងគឺមើលងាយ។ លើកស្ទួយក្នុងន័យស្ថាបនា ឬលើកស្ទួយបែបគេមើលងាយ? ។

មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀតបានសម្ដែងការមិនពេញចិត្តចំពោះតារាចម្រៀងរ៉េបរូបនេះផងដែរតាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គម។ ក្រៅពីនេះក៏មានមតិមួយចំនួនបានបង្ហាញការសរសើរក្នុងចេតនាគាំទ្រផងដែរ។ យ៉ាងណាបើទោះជាមានការប្រតិកម្មពីនមហាជន និងមានការសុំឱ្យលុបចេញ ប៉ុន្តែមិនមានការឆ្លើយតបពីសំណាក់តារារ៉េបលោក នេន ទុំ ឡើយ ខណៈដែល តារាញូស៍ ក៏មិនអាចសុំការបញ្ជាក់ពីតារាចម្រៀងរូបនេះឡើយ ។

គួរបញ្ជាក់ថា តារារ៉េប នេន ទុំ គឺជាសិល្បករគំរូមួយរូបដែលតែងតែលើកតម្កើង និងផ្សព្វផ្សាយពីវប្បធម៌អរិយធម៌ខ្មែរ ហើយក៏តែងតែទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ប៉ុន្តែប៉ុន្មានម៉ោងមុននេះ នេន ទុំ ស្រាប់តែបង្ហោះរូបភាពសាក់រូបព្រះព្រហ្មលើជើងដែលធ្វើឱ្យមហាជនខ្មែរជាច្រើនសម្ដែងការមិនពេញចិត្ត និងការរិះគន់ខ្លាំងៗ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថា ទង្វើររបស់ នេនទុំ ជាទង្វើរខុសឆ្គងចង់ល្បីជ្រុលនិយម និងខ្វះការពិចារណា ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *