មាស សុខសោភា ចូលរួមក្នុងយុទ្ធនាការសង្គ្រោះជីវិតសត្វព្រៃ

មាស សុខ សោភា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ ការទិញ និងបញ្ឈប់រាល់បរិភោគសាច់សត្វព្រៃទាំងអស់ ដែលជាការចូលរួមថែរក្សា អភិរក្សធនធានសត្វព្រៃ និង ធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍របស់ជាតិ និងអ្នកជំនាន់ក្រោយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀងសំឡេងរៃកន្ដឹងរូបនេះបានបញ្ជាក់ ក្នុងនាងជាសិល្បករដូចជារូបនាង តែងតែប្រាប់ទៅកាន់អ្នកគាំទ្រតាំងពីដើមមកឲ្យចូលរួមអភិរក្សព្រៃឈើ និង សត្វព្រៃ ហើយជាទង្វើរដែលនាងបានធ្វើសម្រាប់សង្គមជាយូរយាណាមកហើយ ដោយសារតែការចូលចិត្ត ស្រលាញ់ ហើយចង់ឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្ររបស់នាង ប្តូរឥរិយាបថមកធ្វើរឿងល្អៗ ទៅដល់សង្គមជាតិ ដែលជាផ្ទះទាំងមូលរបស់ទាំងអស់គ្នា និងពិភពលោកដ៏ស្រស់ស្អាតមួយនេះ។

ជាមួយនឹងសកម្មភាព ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃ អ្នកនាង មាស សុខសោភា ក៏បានប្រកាសប្តេជ្ញាចិត្តថាជួយបំផុសបំផុល និងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសផ្តើមពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងៗទៀត ឱ្យយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធនធ្មជាតិ និងសត្វព្រៃ។

កំពូលតារាចម្រៀងស្រីរបស់កម្ពុជារូបនេះ ក៏មានគម្រោងកៀរគរអ្នកគាំទ្ររបស់ខ្លួន ឱ្យចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំនៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាជាដើម។

ក្នុងនាមជាមនុស្សរបស់មហាជន តារាចម្រៀង មាស សុខសោភា ក៏ជាសិល្បករមួយរូបដែល តែងតែជួយផ្សព្វផ្សាយពីការចូលរួមអភិរក្សថែរក្សាធនធានធម្មជាតិដូចជា ព្រៃឈើ សត្វព្រៃ និងធនធានផ្សេងៗទៀត។ ក្នុងនោះនាងតែងបង្ហាញមុខចូលរួមរាល់សកម្មភាពទាំងនោះដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា អន្ទាក់បានកំពុងគំរាមកំហែង ជីវិតសត្វស្ទើរគ្រប់ប្រភេទ នៅក្នុងតំបន់ការពាររួមមានទាំងបក្សី សត្វជើងពីរ ជើងបួន ដូចជាពពួកជើងចំពាមជាដើម។ អ្នកនាំពាក្យរូបនេះ អះអាងទៀតថា អន្ទាក់ គឺជាចំណែកមួយដែលធ្វើឱ្យខ្លាធំ នៅប្រទេសកម្ពុជា ឈាមដល់ដំណាក់កាលដាច់ពូជ និងធ្វើឱ្យចំនួនខ្លារខិននៅកម្ពុជាធ្លាក់ចុះ គួរឱ្យកត់សម្គាល់។ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២១ មានអន្ទាក់ចំនួនជាង ៦ម៉ឺនអន្ទាក់ ត្រូវបានដោះចេញ ពីតំបន់ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។ ចំនួនអន្ទាក់នេះ កើនឡើងជាង២០ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលមានអន្ទាក់មានត្រឹមចំនួនជាង ៤ម៉ឺនប៉ុណ្ណោះ។ ដូច្នេះ យុទ្ធនាការអន្ទាក់សូន្យ អាចជាក្តីសង្ឃឹមសម្រាប់ការពារជីវិតសត្វព្រៃនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *