មាស នីតា ឆ្លើយតបយ៉ាងខ្លីជុំវិញការរិះគន់រឿងលើឆាក Cambodian idol

រយៈពេលប្រមាណ២ថ្ងៃកន្លងទៅនេះ បេក្ខភាពប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤កញ្ញា មាស នីតា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកនិយមតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភព Cambodian idol ជាច្រើនសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងទៅលើសមត្ថភាពសំឡេង ដោយពួកគេបានលើកឡើងចំៗថា បេក្ខនារីរូបនេះចម្រៀងមិនពិរោះ តែបែរជាជាប់ឡើងទៅវគ្គបន្តបាន ។

ក្រៅពីនោះក៏មានការលើកឡើងទៀតថា បេក្ខនារី មាស នីតា មានបញ្ហាចម្រៀងមិនពីរោះធ្លាក់សំឡេងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺបណ្ដាលមកពីនាងកែបបូរមាត់ ។ បើទោះជាយ៉ាងណាជុំវិញករណីនេះមិនការប្រតិកម្មខ្លាំងពីសាមីខ្លួន គឺកញ្ញា ពៅ ស្រីមាស ឬមាស នីតា នោះឡើយ ដោយនាងគ្រាន់ធ្វើការឆ្លើយតបជាសំណេរខ្លីតែប៉ុន្មានម៉ាត់ និងអះអាងថា គ្មានអ្វីបកស្រាយច្រើន សំខាន់គឺនាងយល់ពីខ្លួនឯង ។

នីតា បាននិយាយថា៖ «បើគេមិនចង់យល់ពីយើងហើយ កុំបកស្រាយច្រើនអីទុកឱ្យគេគិតតាមចិត្តរបស់គេទៅសំខាន់យើងយល់ពីខ្លួនឯង ព្រោះខ្ញុំខំណាស់ ស៊ូណាស់ទើបមកដល់ចំនុចនេះ ព្រោះគេមិនមែនយើង» ។

ដោយឡែកពាក់ព័ន្ធនឹងការលើកឡើងថា នាងកែបបូរមាត់បណ្ដាលឱ្យប៉ះពាល់ដល់សំឡេងនោះ មាស នីតា បានធ្វើការបដិសេដ ដោយនាងបានអះអាងថា ការណ៍ដែលនាងធ្វើមិនសូវបានល្អនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺបណ្ដាលមកពីមានបញ្ហាឈឺបំពងក ។

ថ្លែងតាមទូរស័ព្ទនៅរសៀលនេះ មាស នីតា បានប្រាប់តារាញូស៍ថា នាងមិនមានកូនចិត្តខឹងសម្បារនឹងពាក្យរិះគន់របស់មហាជនដែលថា នាងច្រៀងមិនកើត ឬមិនពិរោះនោះឡើយ ប៉ុន្តែនាងមានតែអរគុណទៅកាន់អ្នកគាំទ្រ ដែលកន្លងមកបានគាំទ្រនាងរហូតមក ជាពិសេសគឺការបោះឆ្នោតឱ្យនាងអាចឆ្លងផុតវគ្គ Live Show សប្ដាហ៍៤ និងបានឡើងទៅកាន់វគ្គបន្ត ។

ដោយឡែកចំពោះការលើកឡើងថា ខ្លួនមានធ្លាក់សំឡេង ចម្រៀងមិនពីរោះដោយសារការកែបបូរមាត់គឺមិនមែនជាការពិតនោះឡើយ ពោលគឺកត្តាទាំងអស់នោះបានកើតឡើងបណ្ដាលមកពីបញ្ហាបំពងក ។ នាងថា នាងមានជំងឺដុះសាច់បំពងក ហើយនៅមួយរយៈចុងក្រោយ ជម្ងីនេះបានធ្វើទុកឡើយបណ្ដាលឱ្យនាងមានបញ្ហាប៉ះពាល់ដល់សំឡេងតែម្ដង ។ បើទោះជាយ៉ាងណា នាងក៏មិនបានខឹងសម្បារចំពោះការលើកឡើងរបស់មហាជននោះឡើយ ។

សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Live Show សប្ដាហ៍ទី៤ហើយ និងមានបេក្ខជនចំនួន៩រូបកំពុងតែប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើឆាកកម្មវិធីកម្រិតពិភពលោកមួយនេះ ហើយក្នុងនោះក៏មានកញ្ញា មាស នីតា ម្នាក់ផងដែរ ។

ប៉ុន្តែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបេក្ខនារី មាស នីតា ត្រូវបានអ្នកប្រើបណ្ដាញសង្គមរិះគន់ជាបន្តបន្ទាប់ថា ច្រៀងមិនកើត ឬមិនពីរោះជាដើម ។ បើទោះជាយ៉ាងណាបេក្ខនារីកញ្ញា មាស នីតា ក៏មិនបានប្រតិកម្មអ្វីច្រើនឡើយ ហើយក៏ទទួលស្គាល់ការពិត ដោយនាងបានអះអាងថា នាងមានបញ្ហាបំពងក ៕

Leave a Reply

Your email address will not be published. Required fields are marked *