ម្ចាស់មេដាយមាសស៊ីហ្គេម ស្រួង ភាវី៖ ទាំង​បេះដូង​ និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដើម្បី​កម្ពុជា

អ្នកនាង ស្រួង ភាវី គឺជាអត្តពលិកខ្មែរមួយរូបក្នុងចំណោមអត្តពលិកជា​ច្រើនដែលបានធ្វើ​ឱ្យប្រជាជនខ្មែរស្ទើរទូទាំងប្រទេសមានមោទនភាព ក្រោយដណ្ដើមបានមេដាយមាស​ស៊ីហ្គេមលើកទី៣២ជូនជាតិមាតុភូមិ ។

មិនតែប៉ុណ្ណោះថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញក្ដីរំភើបរីករាយជាមួយនឹងការស្ញប់ស្ញែងជាថ្មីម្ដងទៀត ចំពោះមហាទឹកចិត្តរបស់ម្ចាស់មេដាយ​មាសស៊ីហ្គេម​អ្នកនាង ស្រួង ភាវី ដែលបានយកថវិកាដែលខ្លួនប្រកួតឈ្នះទាំងអស់នៅ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២នៅកម្ពុជា ចូលរួមមូលនិធិ និងសប្បុរសធម៌ជួយកុមារនៅកម្ពុជា ។

ដោយម្ចាស់មេដាយមាសវិញ្ញាសាប៊ីយ៉ា និងស្នុកឃ័រអ្នកនាង ស្រួង ភាវី បានលើកឡើងថា ថវិកាទាំងអស់ដែលអ្នកនាងទទួលបានពីជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម គឺអ្នកនាងនឹងប្រមូលចូលរួមមូលនិធិ និងសប្បុរសធម៌ជួយក្មេងៗនៅកម្ពុជា ។ អ្នកនាង ស្រួង ភាវី ថា ការធ្វើបែបនេះមិនមែនអ្នកនាងជាអ្នកមានទ្រព្យច្រើននោះទេ ប៉ុន្តែការ​ធ្វើ​នេះគឺព្រោះតែអ្នកនាងចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ និងទៅ​ថ្ងៃ​អនាគតអ្នកនាងនៅតែដដែលក្នុង​ការ​ជួយ​ដល់​ក្មេងៗនៅ​កម្ពុជា ។ មិនតែ​ប៉ុណ្ណោះម្ចាស់មេ​ដាយមាសរូប​នេះ​បានសង្កត់​ធ្ងន់​ទៀតថា ទាំងបេះដូង និងជីវិត​របស់ខ្លួន​គឺលះបង់​ដើម្បី​កម្ពុជា ។ ឆន្ទៈ និងសណ្ដាន​ចិត្ត​ដ៏​ភក្ដីរបស់​កីឡាការិនីឆ្នើមរូបនេះធ្វើ​ឱ្យ​ប្រជាជនខ្មែរ ជាពិសេសអ្នក​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ស្ញើចសរសើរ និងស្ញប់​ស្ញែងបំផុត ។

ដោយអ្នកនាង ស្រួង ភាវី បានប្រកាសថា «រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់ ​។ ​តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជា​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​ ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង ​និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដើម្បី​កម្ពុជា» ។

សូមរំលឹកថា ក្រោយទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការប្រកួតលើវិញ្ញាសាប៊ីយ៉ាការ៉ុម និងស្នុកឃ័រនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា កីឡាការិនីឆ្នើមរបស់កម្ពុជាអ្នកនាង ស្រួង ភាវី បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំង និងបានលើកឡើងថា នេះជាបំណងប្រាថ្នា១០ឆ្នាំរបស់ខ្លួនដើម្បីរកមេដាយមាសជូនជាតិមាតុភូមិពីមហាព្រឹត្តិការណ៍នេះ ។

កន្លងមកកីឡាការិនីឆ្នើមរូបនេះធ្លាប់ទទួលបានសមិទ្ធផលជាច្រើននៅលើឆាកជាតិ និងអន្តរជាតិ តែអ្នកនាងមិនដែលមានមោទនភាពខ្លាំងដូចជាពេលនេះឡើយ ។ អ្នកនាង ស្រួង ភាវី លើកឡើងថា ការដណ្ដើមបានមេដាយមាសស៊ីហ្គេមនេះមានអត្ថន័យធំធេងណាស់ចំពោះអ្នកនាង ហើយការឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដងកន្លងមក ក៏អ្នកនាងមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់អ្នកនាង ហើយក៏ក្តីស្រម៉ៃរយៈពេល១០ឆ្នាំរបស់ខ្លួនផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *