ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ប៊ុត សីហា ទទូចសុំឱកាសពីអ្នកគាំទ្រម្តងទៀត

ការសម្រេចចិត្តដើរលើផ្លូវមិនល្អ បានធ្វើឲ្យម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា ត្រូវបាត់បង់អ្វីគ្រប់យ៉ាងទាំងកិត្តិយស ឱកាស និងការគាំទ្រពីមហាជន។ ទោះបីជាយ៉ាងនេះក្ដី ប៊ុត សីហា នៅតែទទូចសុំការផ្ដល់ឱកាសពីមហាជនឡើងវិញ ជាមួយនឹងការអះអាងថា រូបគេបានកែខ្លួនហើយ និងសម្រេចដើរលើផ្លូវល្អត្រឹមត្រូវឡើងវិញ។

នៅលើបណ្ដាញសង្គម ប៊ុត សីហា បានបង្ហោះសារមួយដោយរៀបរាប់ពីស្ថានភាពរបស់ខ្លួនក្រោយពីបានធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំងចំពោះរូបគេ ។ ជាមួយគ្នានោះ ម្ចាសពានThe Voice Cambodia ដែលបច្ចុប្បន្ននៅដល់តែឈ្មោះ និងការចងចាំរូបនេះបានអះអាងថា រូបលោកនឹងព្យាយាមងើបដើរដោយខ្លួនឯង ព្រមសុំទោសដល់សាធារណជន ដែលធ្វើឲ្យខកបំណង។

លោក ប៊ុត សីហា បានលើកឡើងជាសំណួរថា៖  “ពេលនេះយើងអាចចាប់ផ្តើមជាមួយគ្នាម្តងទៀតបានទេ? អាចដែរទេ នៅគាំទ្រ ប៊ុត សីហា ម្តងទៀត” ។ម្ចាស់ពានរូបនេះបានអះអាងថា រូបលោកនឹងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។

គួរបញ្ជាក់ថា លោក ប៊ុត សីហា គឺជាម្ចាស់ជយលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៤ កាលនោះរូបគេមានប្រជាប្រិយភាពយ៉ាងខ្លាំង និងកេរ្តិ៍ល្បីពេញប្រទេស។ តែមិនបានប៉ុន្មាន កេរ្តិ៍ឈ្មោះដ៏ក្រអូបសាយរបស់គេត្រូវបានរលាយសាបសូនត្រឹមមួយប៉ព្រិចភ្នែក ដោយសារដើរខុសផ្លូវ។ ក្រោយភ្ញាក់ដឹងខ្លួនថា ដើរផ្លូវខុសធ្វើឲ្យបាត់បង់អ្វីគ្រប់យ៉ាងហើយនោះ រូបគេព្យាយាមត្រឡប់មកវិញ ដោយសុំការអនុគ្រោះពីមហាជន។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ រូបគេនៅតែស្ងប់ស្ងាត់មិនសូវមានអ្នកចាប់អារម្មណ៍ទៀតឡើយ។ ដោយឡែកអ្នករៀបចំការប្រគំតន្រ្តីនៅលើស្ថានីយ៍ទូរទស្សន៍ហង្សមាស ឬស្ថានីយ៍ទូរទស្សន៍នានា ក៏មិនដែលផ្ដល់ឱកាសដល់រូបគេបានបង្ហាញសមត្ថភាពទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *