ទ្រិញ ផល្លា ចេញមុខច្រាលចោលរឿងនាងត្រូវបានសមត្ថកិច្ចហៅវាស់កម្ពស់

នៅមុននេះបន្តិចនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការបង្ហោះថា អ្នកនាង ទ្រិញ ផល្លា ដែលជាគូជម្លោះស្វិតស្វាញជាមួយអ្នកអត្ថាធិប្បាយបាល់ទាត់ ពូចក់ ត្រូវបានសមត្ថកិច្ចហៅវាស់កម្ពស់ហើយ។ ប៉ុន្តែព័ត៌មាននេះត្រូវបានសាមីខ្លួនចេញមុខច្រាលចោល ដោយនាងអះអាងថា ជារូបភាពកាត់តតែប៉ុណ្ណោះ ។

តាមរយៈវីដេអូឡាយមុននេះ ទ្រិញ ផល្លា បានអះអាងថា រូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមថា នាងត្រូវបានសមត្ថកិច្ចហៅទៅវាស់កម្ពស់ ឬចាប់ខ្លួនគឺជារូបកាត់តមិនមែនជាការពិតនោះឡើយ។ ដោយការពិតរូបភាពនោះជារូបភាពដែលនាងឡាយលក់ផលិតផលកាលពី៤ថ្ងៃមុន ។ នាងបានអំពាវឱ្យបណ្ដាបណ្ដាញសង្គមទាំងអស់ដែលបានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្នៃថ្នូររបស់នាងនោះ ត្រូវធ្វើការលុបចេញជាបន្ទាន់ បើដូច្នេះទេនាងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។

ដោយនាងនិយាយថា៖ «មានជនអនាមិកបានកាត់តរូបខ្ញុំក្លែងបន្លំភ្នែកមហាជន បានចោទមកលើរូបខ្ញុំទាំងបំពានដែលហ៊ានកាត់តយករូបភាពខ្ញុំឡាយទៅកាត់ដាក់វាស់កម្ពស់នៅកងអារាជវុធហត្ថ ។ ហើយរូបភាពនេះបានមកពីការឡាយរបស់ខ្ញុំផ្ទាល់នៅក្នុងផេកផ្លូវការរបស់ខ្ញុំនាថ្ងៃទី០៤ ខែសីហា ២០២២ ដែរនាងខ្ញុំកំពុងឈរឡាយលក់ធម្មតាបែរជាមានជនអាខិលខូច គំនិតអវិជ្ជមានកាត់រូបខ្ញុំមកវាស់កម្ពស់ទៅវិញ ។ ដូច្នេះនាងខ្ញុំជាម្ចាស់រូបនេះពិត ខ្ញុំសូមច្រានចោលនៅការប្រឌិតរូបភាពនេះឡើងដោយរូបភាពកាត់ត១សន្លឹកនេះ ។ ប្រសិនបើមានសារព័ត៍មានណាដែរចុះផ្សាយប៉ះពាល់ដល់កត្តិយសខ្ញុំ នាងខ្ញុំនឹងចាត់ការទៅតាមនិតិវិធីច្បាប់» ។

សូមរំលឹកថា រឿងរ៉ាវរបស់ប្ដីប្រពន្ធអែតមីន ជីងចក់ និងភរិយាអ្នកនាង ទ្រិញ ផល្លា បានស្ងប់ស្ងាត់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោយមានពីរឿងរ៉ាវចម្រូងចម្រាស់គ្នា ។ យ៉ាងណាស្រាប់តែប៉ុន្មានម៉ោងមុននេះនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានការបង្ហោះ និងចែករំលែកជាច្រើនថា ស្រីស្អាត ទ្រិញ ផល្លា ត្រូវបានសមត្ថកិច្ចហៅវាស់កម្ពស់ ។

ពាក់ព័ន្ធករណីនេះ សាមីខ្លួនបានចេញមុខច្រានចោល និងបានបញ្ជាក់ថា រូបភាពនោះគឺជារូបកាត់តដោយជនខិលខូចដែលធ្វើឡើងក្នុងគោលបំណងធ្វើបាប និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាង ។ អ្នកនាង ទ្រិញ ផល្លា បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលកាត់តរូបនាងនោះផងដែរ ប្រសិនបើមិនធ្វើការលុបចោលការបង្ហោះនោះ។

ក្រៅពីនោះអ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡរក្រាមជាមួយ តារាញូស៍ ទៀតថា បច្ចុប្បន្ននាង និងអែតមីន ជីងចក់ ជាស្វាមីបានជានាគ្នាវិញហើយ ខណៈដែលរឿងក្ដីក្ដាំជាមួយគ្នាកន្លងមកក៏ត្រូវបានបញ្ចប់ដោយការដកពាក្យបណ្ដឹងរៀងខ្លួនហើយដែរ ។

ជាមួយគ្នានោះមានការកត់សម្គាល់ឃើញថា អ្នកទាំងពីរគេចមិនផុតពីការបោះពាក្យសម្ដីរបស់មហាជនថា ពួកគេបានរួមគំនិតគ្នាសម្ដែងបោកភ្នែកមហាជន និងជាគម្រូមិនល្អនៅក្នុងសង្គមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *