អតិថិជនអស់មន្ទិលសង្ស័យ និងកក់ក្តៅក្នុងចិត្ត ក្រោយជួបស្តាប់ការពន្យល់ច្បាស់ៗដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានអស់មន្ទិលសង្ស័យនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហា ដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។

អតិថិជន ទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយ និងធូរស្បើយក្នុងចិត្ត នៅពេលបានលឺការពន្យល់ច្បាស់ៗពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់ ខុសពេលដែលឃើញការចែករំលែកនូវព័ត៌មានមិនពិតនានាតាមបណ្តាញសង្គម ។ តែទោះបីជាយ៉ាង អតិថិជន ក៏បានសំណូមពរឲ្យក្រុមហ៊ុនជួយពន្លឿនការសាងសង់ និងសម្រួលលក្ខខណ្ឌកុងត្រាមួយចំនួន។ សំណូមពរក៏ត្រូវបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលយកផងដែរ។

ក្នុងដ៏ជំនួបដ៏ស្និតស្នាលរយៈពេល៣ម៉ោង ជាមួយអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះនិងផ្តល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលស្គាល់ថារហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែងនៅតាមបណ្តាប្លុកមួយចំនួន ក៏ប៉ុន្តែគម្រោងផ្ទះនៅតាមប្លុកមួយចំនួនផេ្សងទៀត កំពុងមានភាពយឺតយ៉ាវ និងកំពុងសម្រុកសាងសង់យ៉ាងមមាញឹកជូនអតិថិជន។

នៅចំពោះមុខអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធានាអះអាងថា ក្រុមហ៊ុន ជាពិសេសរូបអ្នកឧកញ៉ាផ្ទាល់ មិនបានបោកប្រាស់និងមិនរត់ទៅណាចោលគម្រោងឬ ចោលការទទួលខុសត្រូវរបស់ខ្លួននោះឡើយ ។

ផ្ទុយទៅវិញ នឹងនៅតែបន្តសាងសង់ផ្ទះជូនអតិថិជនរបស់ខ្លួននថែមទាំងប៉ះប៉ូវជាសំណង ដល់ការខាតបង់ទាំងអស់របស់អតិថិជន និងបានស្នើសុំពេលវេលាសមស្របនិងការយោគយល់ខ្ពស់ពីសំណាក់អតិថិជនទាំងអស់ ដើម្បីក្រុមហ៊ុនអាចបញ្ចប់គម្រោងនិងស្តារស្ថានភាពដែលកំពុងកើតឡើងចំពោះមុខនេះអោយប្រសើរឡើងវិញក្រោមរូបភាព ឈ្នះ-ឈ្នះទាំងអស់គ្នា។

អ្នកឧកញ៉ា បានសំណូមពរអតិថិជនទាំងអស់កុំជឿលើការឃោសនាឬការញុះញង់ពីជនអគតិមួយចំនួននៅក្នុងបណ្តាញសង្គមដែលនាំអោយខាតបង់ផលប្រយោជន៍របស់ខ្លួននិងរបស់ក្រុមហ៊ុនពីព្រោះកាលណាក្រុមហ៊ុនដួលរលំ គម្រោងសាងសង់ផ្ទះក៏នឹងត្រូវដួលរលំដូចគ្នា។

អ្នកឧកញ៉ា មានបំណងអោយអតិថិជនទាំងអស់ធ្វើដំណើរមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកឧកញ៉ាប្រសិនជាមានបញ្ហាណាមួយមិនប្រក្រតី និងចង់ឃើញការរួមដៃគ្នា ដឹកដៃគ្នា ក្នុងនាមជាមហាគ្រួសាររបស់បុរី ឡេង ណាវ៉ាត្រា។

គួរបញ្ជាក់ថា ក្រោយជំនួបដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអតិថិជន ក៏បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោមបរិយាកាសស្និទស្នាលយ៉ាងរីករាយ និងយោគយល់គ្នាប្រកបដោយភាពជឿជាក់និងទុកចិត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *