សោកស្ដាយ! បេក្ខជន២រូបមិនអាចឆ្លងផុតវគ្គLive Show នៃកម្មវិធី Cambodia Idol យប់មិញ

យប់មិញនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤បានចូលមកដល់វគ្គ Live Show សប្ដាហ៍ទី៣ហើយ ដែលជាវគ្គអ្នកទស្សនាព្រឺព្រួចរំភើបផង ភ័យផង ខណៈដែលបេក្ខជនដែលឡើងមកដល់វគ្គ Live Show នេះគឺសុទ្ធសឹងតែបេក្ខជនដែលមានសមត្ថភាពខ្ពស់ និងមានទឹកដមសំឡេងពិរោះ ។

ប៉ុន្តែអ្វីដែលសោកស្ដាយនៅវគ្គ Live Show សប្ដាហ៍ទី៣យប់មិញនេះ មានបេក្ខជនចំនួន២រូបត្រូវបានធ្លាក់ចេញពីកម្មវិធី និងបាត់បង់ឱកាសក្នុងការប្រកួតប្រជែងសមត្ថភាពបន្ត ។ បេក្ខជនទាំងពីររូបនោះរួមមានបេក្ខជនលេខសម្គាល់លេខ២ ឈិន រ័ត្ន និងបេក្ខជនលេខសម្គាល់៧ ជ័យ សុខតារា ។

បើទោះជាយ៉ាងណាអ្នកគាំទ្រកម្មវិធីប្រកួតសមត្ថភាពសំឡេង Cambodian idol រដូវកាលទី៤ បានសម្ដែងនូវការសាទរចំពោះបេក្ខជនចំនួន១០នាក់ផ្សេងទៀត ដែលមានសមត្ថភាព អាចឡើងទៅកាន់វគ្គបន្ដ ។ បេក្ខជនទាំង១០រូបនោះរួមមានបេក្ខជនលេខសម្គាល់១ ណាន វីសា, ស៊ឹម ច័ន្ទពន្លឺ, ផាន គីមសុង, កញ្ញា មាស នីតា, លីម តិចម៉េង, ឡាច ណុច, លី ប៊ីលី, ស្រស់ រ៉ូឡុង, នាង ដាវីន និងបេក្ខជន ថុល សុភិទិ ។ បេក្ខជនទាំង១០នាក់ខាងលើនេះ នឹងត្រូវជួបគ្នានៅវគ្គ Live Show សប្ដាហ៍ទី៤នៅសប្ដាហ៍ក្រោយបន្តទៀត ដើម្បីដណ្ដើមកៅអីគ្នាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ។

មហាជនកំពុងរងចាំមើលទៀតថា តើបេក្ខជនរូបណាខ្លះដែលអាចមានសមត្ថភាពនៅឈរនៅលើឆាកកម្មវិធីប្រឡងចម្រៀងលំដាប់ភិភពលោក Cambodian idol រដូវកាលទី៤នៅសប្ដាហ៍បន្ត ។ គេក៏រំពឹងទៀតថា នៅសប្ដាហ៍បន្ទាប់ខាងមុខនេះកម្មវិធី Cambodian idol រដូវកាលទី៤នឹងកាន់តែកក្រើក និងជក់ចិត្ត ខណៈបេក្ខជនទាំង១០នាក់ដែលនៅសល់គឺសុទ្ធសឹងតែជាជើងខ្លាំង និងមានទឹកដមសំឡេងដូចៗគ្នា ។

សូមរំលឹកថា កម្មវិធីលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ជើងឯក៣ជំនាន់មកហើយ ក្នុងនោះពានរង្វាន់រដូវកាលទី១ជាមួយទឹកប្រាក់១០០លានរៀលបានទៅលើអតីតបេក្ខជនមកពីស្រុកស្ទោង ខេត្តកំពង់ធំ នី រតនា រដូវកាលទី២បានទៅលើកញ្ញា ឈិន ម៉ានិច្ច និងរដូវកាលទី៣លោក គ្រី ថៃពៅ ។ ដោយឡែករដូវកាលទី៤នេះនៅមិនទាន់រកឃើញម្ចាស់ជ័យលាភីឡើយ ខណៈបច្ចុប្បន្នបេក្ខជនកំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅលើឆាក ហើយអ្នកគាំទ្រក៏កំពុងតានដានពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *