ចៃដន្យណាស់! តារាប្រុសស្រីពីរដួងទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយ

ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកសិល្បៈ និងអ្នកគាំទ្រ ដោយនៅថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ តារាប្រុសស្រីចំនួន២ដួងគឺតារាកំប្លែង វ៉ាន់ នីឡា និងតារាចម្រៀងលោក អាន គុណកូឡា បានប្រកាសស្វាគមន៍សមាជិកថ្មីក្នុងថ្ងៃតែមួយ ។ វាជារឿងដែលចៃដន្យណាស់ ដែលសិល្បករទាំងពីរដួងនេះទទួលបានសមាជិកថ្មីក្នុងថ្ងៃតែមួយបែបនេះ ។

ទី១. តារាកំប្លែង វ៉ាន់ នីឡា
ក្រោយពីបានរៀបការយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥សុខាភ្នំពេញ តារាកំប្លែងសម្បូរវោហាស័ព្ទ វ៉ាន់ នីឡា ទទួលបានសមាជិកដំបូងម្នាក់ហើយកាលពីថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ ។

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ នីឡា និងសិល្បករសិល្បការិនីដែលស្គាល់រាប់អានជិតស្និតគ្រួសារតារាកំប្លែងរូបនេះសម្ដែងនូវការសាទរយ៉ាងខ្លាំង ពិសេសផលិតករកម្សាន្ដលោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាឪពុកបង្កើតរបស់តារាកំប្លែង នីឡា វិញ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង និងបានប្រកាសស្វាមគមន៍ចៅយ៉ាងកក់ក្ដៅ ។ លោកតាវ៉ិចទ័រនិយាយថា «ចៅទី2កូនរបស់កូនស្រី នីឡា សូមសុខសប្បាយណាចៅ» ។

ទី២. តារាចម្រៀង អាន គុណកូឡា
តារាចម្រៀងសំឡេងស្អកលោក អាន គុណកូឡា នៅថ្ងៃម្សិលមិញនេះទទួលបានសមាជិកថ្មីបន្ថែមម្នាក់ទៀតហើយ ក្រោយពីបានរៀបការជាមួយអ្នកជំនួញទិញលក់ត្បូង អ្នកនាង ថារ័ត្ន កាលពីខែធ្នូ ឆ្នាំ២០២០ ។ ដំណឹងនៃការទទួលបានសមាជិកទី២របស់ប្ដីប្រពន្ធលោក អាន គុណកូឡា ក៏មិនខុសគ្នាពីតារាកំប្លែង វ៉ាន់ នីឡា នោះដែរ ដោយមានការសាទរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្ដអ្នកស្គាល់ និងសិល្បករសិល្បការិនីអ្នករួមអាជីព ។

សូមរំលឹកថា បច្ចុប្បន្នតារាចម្រៀងលោក អាន គុណកូឡា ហាក់ស្ងប់ស្ងាត់ពីអាជីពហើយ ពោលគឺរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកមិនមានចេញបទចម្រៀងថ្មីសោះឡើយ ។ បើតាមអ្វីដែលបានបញ្ជាក់នៅតាមកម្មវិធីទូរទស្សន៍នាកន្លងមក លោក អាន គុណកូឡា បានឱ្យដឹងថា រយៈពេលកន្លងមកការដែលលោកមិនបានចេញបទចម្រៀងថ្មីបម្រើអារម្មណ៍អ្នកគាំទ្រនោះ ព្រោះតែលោកមានជំងឺបាក់ទឹកចិត្ត ឬ Depression ។ តែយ៉ាងណាបច្ចុប្បន្នម្ចាស់បទ គ្មានសិទ្ធជាម្ចាស់បេះដូងអូន រូបនេះបានសះស្បើយហើយ ប៉ុន្តែក៏មិនទាន់មានដំណឹងថា លោកនឹងចេញបទថ្មីនៅពេលណានោះឡើយ ។

តារាចម្រៀងលោក អាន គុណកូឡា បច្ចុប្បន្នមានកូនចំនួនពីរនាក់ហើយ ដោយកូនទីពីររបស់លោកដែលទើបតែសម្រាលនៅម្សិលមិញនេះជាកូនប្រុស ខណៈដែលតារាចម្រៀង វ៉ាន់ នីឡា ដែលសម្រាលក្នុងថ្ងៃតែមួយនោះទទួលបានកូនស្រី ៕

Leave a Reply

Your email address will not be published. Required fields are marked *