ស្រណោះណាស់! លីម តិចម៉េង បានត្រឹមយកពានទៅបង្ហាញរូបថតអ្នកមានគុណលើវិថីសិល្បៈម្នាក់

ជាការពិតចំណុចមួយក្នុងចំណោមគុណសម្បត្តិទាំង៥របស់ លីម តិចម៉េង ដែលនាំឲ្យរូបគេទទួលបានភាពជោគជ័យនោះ គឺគុណធម៌ជីវិត និងកតញ្ញូចំពោះអ្នកដ៏មានគុណ ដែលមិនមែនសំដៅតែលើឪពុកម្ដាយនោះទេ។

ជាក់ស្ដែងម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី៤ រូបនេះ បានទៅសម្ដែងការដឹងគុណក្រៃលែងចំពោះអតីតតន្ត្រីករមួយរូប ដែលធ្លាប់មានគុណលើរូបគេ ដែលជាអ្នកត្រួសត្រាយផ្លូវសិល្បៈនាពេលកន្លងមក ដែលបច្ចុប្បន្នអ្នកមានគុណរូបនោះ នៅសល់តែរូបថត និងការចងចាំដក់ជាប់ក្នុងចិត្តរបស់ម្ចាស់ពានរូបនេះ។ បើគ្មានការត្រួសត្រាយផ្លូវនោះនោះទេ ក៏ លីម តិចម៉េង អាចនឹងពុំបានទទួលជោគជ័យដូចសព្វថ្ងៃនេះដែរ។

ម្យ៉ាងទៀត នេះជាការគោរពតាមពាក្យសន្យារបស់គេនាពេលកន្លងមក ពោលគឺបន្ទាប់ពីបញ្ចប់កាប្រឡងភ្លាម លីម តិចម៉េង បានធ្វើដំណើរទៅកាន់ផ្ទះរបស់អតីតតន្ត្រីករម្នាក់នោះភ្លាម។ តែគួរឲ្យស្ដាយបុរសជាតន្ត្រីករ ដែល លីម តិចម៉េង ចាត់ទុកដូចជាបងប្រុសបង្កើតនោះ គ្មានវត្តមាននៅលើលោកនេះទៀតទេ ដោយតន្ត្រីកររូបនោះ បានលាចាកលោកនេះទៅហើយកាលពីប៉ុន្មានមុន ដោយសារជំងឺកាចសាហាវមួយ។

លីម តិចម៉េង បានរៀបរាប់យ៉ាងកម្សត់ថា៖“ចាំខ្ញុំបន្តិចណាបង បន្តិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណ ដ៏ធំធេងរបស់បង។ គ្មានបងគ្មាន Room42 កន្លែងដែលផ្តល់បទពិសោធ គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបងខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មានបងប្អូនគ្មានថ្ងៃនេះទេ។ តែគួរឲ្យស្តាយពេលនេះ បែរជាគ្មានវត្តមានបងនៅ មិនមែនបងប្អូនសាច់ញាតិទេ តែនៅក្នុងចិត្តប្អូន បងគឺជា បងប្រុសបង្កើតរបស់ប្អូនជារៀងរហូត”។

លីម តិចម៉េង បានយកពានដែលខ្លួនឈ្នះពីការប្រកួតយ៉ាងស្វិតស្វាញពីកម្មវិធី Cambodian Idol ទៅដាក់បញ្ឈរ នៅនឹងមុខកំប៉ុងជើងធូប ជាមួយនឹងកាយវិការគោរព ទោះបីជាពួកគេមិនមែនជាបងប្អូនបង្កើត តែស្រឡាញ់គ្នាដូចបងប្អូនបង្កើត និងមានអនុស្សាវរីយ៍ជាច្រើនជាមួយនគ្នា នាពេលកន្លងមក។ តាមរយៈកាយវិការស្ដែងចេញនោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែមានការស្រឡាញ់ចូលចិត្តកំឡោះតូចរូបនេះ ព្រោះភាពកតញ្ញូនេះហើយ មានកម្លាំងអូសទាញចិត្តមហាជនយ៉ាងខ្លាំង។

សូមបញ្ជាក់ថា តាំងពីនៅក្នុងដំណើរការប្រកួត រហូតដល់ឈ្នះពាន់កម្មវិធី Cambodian Idol កំលោះតូច លីម តិចម៉េង បានប្រើប្រាស់អត្តចរិតពីកំណើត និងគុណធម៌ជីវិតដែលរូបគេមាន បង្ហាញលើបណ្ដាញសង្គមជារឿយៗ ព្រមទាំងបង្ហាញភាពម៉ឺងម៉ាត់ ស្គាល់គុណស្គាល់ទោស និងចំណុចជាច្រើនទៀត ដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈល្អរបស់មនុស្ស ដែលនោះជាធ្លាក់ដ៏ពូកែក្នុងអន្ទងចិត្តមហាជនឲ្យបោះឆ្នោតគាំទ្ររូបគេយ៉ាងភ្លូកទឹកភ្លូកដី ដោយមិនចាំបាច់ហារមាត់សុំការគាំទ្រ ឬការបោះឆ្នោតដល់រូបគេនោះឡើយ៕

Leave a Reply

Your email address will not be published.