ចំរើន សុភ័ក្រ ព្យាយាមញញឹមទាំងទឹកភ្នែក ព្រោះតូចចិត្តម្ចាស់ពានរង្វាន់ដល់ទៅ៤ តែគ្មានន័យ

បើនិយាយពីសមត្ថភាពច្រៀងរបស់ ចំរើន សុភ័ក្រ ពិតជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជន ដោយនាងមានប្រភពចេញពីសិល្បៈបុរាណ ដែលចេះច្បាស់ពីរៀបប្រើប្រាស់សំលេងច្រៀង ដែលធ្វើឲ្យមានភាពពិរោះរណ្ដំ រហូតធ្វើឲ្យតារាចម្រៀងរូបនេះក្លាយជាម្ចាស់ពានរង្វាន់ដល់ទៅ៤ពីកម្មវិធីកម្រិតជាតិ និងអន្តរជាតិ។

ទោះបីជាមានឈ្មោះពានរង្វាន់ចំនួន៤ក៏ពិតមែន ប៉ុន្តែតារាចម្រៀង ចំរើន សុភ័ក្រ ហាក់ពុំទទួលបានអ្វីពីពានទាំងនោះឡើយ។ ចំពោះប្រជាប្រិយភាពវិញ នាងនៅតែមិនអាចប្រកួតប្រជែងបានជាមួយតារាចម្រៀងស្រីផ្សេងទៀត ដែលធ្វើឲ្យតារារាងតូចច្រឡឹងរូបនេះ ហាក់តូចចិត្តគិតថា ពានដែលនាងទទួលបាននោះគ្មានន័យអ្វីសម្រាប់រូបនាងឡើយ។

តារាចម្រៀងរូបនេះបាននិយាយទាំងញញឹម ដើម្បីបន្លប់ភាពអួលដើម-ក និងទឹកភ្នែករលីងរលោងថា ដោយពេលខ្លះនាងមានអារម្មណ៍អន់ចិត្ត ដែលមកដល់សព្វថ្ងៃនេះមានពានដល់ទៅ៤ តែរាល់ថ្ងៃនេះ គ្មានសល់អ្វីជាដុំកំភួនសោះ។ មានតែឈ្មោះជាម្ចាស់ពានឹងគេ តែគ្មានគេស្គាល់ ហើយពេលខ្លះក៏មានអារម្មណ៍ថា មិនដឹងយកពានមកធ្វើអីនោះទេ ។ នាងមើលឃើញថា អ្នកសិល្បៈដែលមានភាពទម្រង់ជាបុរាណ្យនៅក្នុងខ្លួនដូចជារូបនាង គឺពិបាកនឹងធ្វើឲ្យខ្លួនឯងល្បីខ្លាំងណាស់។

ដោយ ចំរើន សុភ័ក្រ បាននិយាយថា ៖ ខ្ញុំសង្តេតមើលឃើញថា អ្នកសិល្បៈយើងឲ្យតែមានទម្រង់សិល្បៈបែបបុរាណ្យនៅក្នុងខ្លួន គឺបាកហ្នឹងឲ្យខ្លួនល្បីដូចគេណាស់ រាល់ថ្ងៃបានត្រឹមតែតូចចិត្តនឹងខ្លួនឯង។ តែបើអ្នកខ្លះសំឡេងច្រៀងអត់កើត គ្រាន់តែគេបានរូបសម្រស់ស្អាត គឺគេមានភាពល្បីខ្លាំង ទោះសំឡេងមិនពិរោះដ៏ដោយ។

ចំរើន សុភ័ក្រ បានបន្ថែថា នាងទទួលបានត្រឹមតែការពោលសរសើរពីមនុស្សទូទៅប៉ុណ្ណោះ ប៉ុន្តែបើឲ្យទទួលបានប្រយោជន៍ពីពានទាំងនោះហាក់ពុំមានទេ។ ពេលដែលនាងពិបាកចិត្តខ្លាំងគឺ បានត្រឹមសម្លឹងមើលពានខ្លួនឯងហើយ លួចយំម្នាក់ឯង និង ប្រាប់ទៅខ្លួនឯងវិញថា យកពានហ្នឹងមកធ្វើអី? ។ ទោះបីជាយ៉ាងណា តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថា អ្វីដែលធ្វើឲ្យនាងមានកម្លាំងចិត្តបន្តអាជីពសិល្បៈមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែមានអ្នកគាំទ្រមួយចំនួនបានផ្ញើសារលើកទឹកចិត្តនាងជាបន្តបន្ទាប់នាពេលកន្លងមក។

គួរបញ្ជាក់ដែរថា កញ្ញា ចំរើន សុភ័ក្រ គឺជាអ្នកសិល្បៈវ័យក្មេងមានជំនាញខាងចម្រៀងប្រពៃណី មហោរី យីកេ របាំបុរាណ និងរបាំប្រពៃណី។ នាងបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស បន្ទាប់ពីបានចូលរួមប្រឡងកម្មវិធីThe Voice Cambodia រដូវកាលពីទី១។ ក្រោយមកនាងបានក្លាយជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia កាលពីឆ្នាំ២០២០។ កាលពីវ័យ២២ឆ្នាំនាងជាម្ចាស់ពានរង្វាន់លេខ១ផ្នែកចម្រៀងបុរាណខ្មែររបស់ស្ថានីយ៍ទូរទស្សន៍CTN និងពានរង្វាន់លេខ២នៅស្ថានីយ៍ទូរទស្សន៍បាយ័ន៕

Leave a Reply

Your email address will not be published. Required fields are marked *