ជួបបញ្ហាទោសទណ្ឌពន្ធនាគារតែអតីតស្វាមីតារាស្រីថៃ Pinky នៅតែឈឺឆ្អាលសុខទុក្ខនាង

តារាស្រីថៃល្បីឈ្មោះធ្លាប់សម្តែងជាតួអង្គនាងផ្កាយព្រឹកក្នុងវ័យកុមារភាពនាង Pinky ដែលមានឈ្មោះពេញថា Savika Chaiyadej ត្រូវប៉ូលីសឃុំខ្លួនក្នុងពន្ធនាគាររង់ចាំសវនាការកាត់ទោស ដោយគ្មានការអនុញាតិអោយបង់ប្រាក់ធានាខ្លួនក្រៅឃុំព្រោះជៀសវាងនាងរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីឆបោកលុយតាមគម្រោង Forex-3D ។ ជារឿងហេតុនឹកស្មានមិនដល់ដែលតារាស្រីថៃវ័យក្មេងរូបនេះ ត្រូវជាប់ផុងខ្លួននៅក្នុងករណីឆបោកមនុស្ស១៤០០០នាក់ក្នុងគម្រោងបោកប្រាស់ដែលមានទឹកប្រាក់សរុប១,៩ពាន់លានបាតស្មើនិងជាង៥៣លានដុល្លារ។

ប៉ុន្តែក្នុងពេលវេលាដ៏តានតឹងរកថាមិនត្រូវ មហាជនតាមបណ្តាញអនឡាញថៃ សង្កេតឃើញថា អ្វីដែលតារាស្រីរូបនេះនៅសេសសល់ក្នុងឆាកជីវិតមជ្ឈឹមវ័យរបស់នាងគឺទឹកចិត្តពីអតីតស្វាមីដែលជាមហាសេដ្ឋីលំដាប់ប្រទេសថៃ។

តាមរូបភាពវីដេអូរបស់បណ្តាញសារព័ត៌មានថៃមួយគេឃើញថា នៅថ្ងៃដែលតារាស្រីថៃនាង Pinky ត្រូវប៉ូលីសចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនករណីឆបោកប្រាក់រាប់ពាន់លានបាតនោះ ហាយសូលំដាប់ប្រទេសថៃលោក Itthi Chavalittamrong អតីតស្វាមីរបស់នាង Pinky បានបង្ហាញវត្តមាននៅក្បែរនាង នៅចំពោះមុខអ្នកសារព័ត៌មាន និងប៉ូលីសថៃ ជាប់ជានិច្ច។ អាចបាននិយាយថា ជាទឹកចិត្តអតីតស្វាមីដែលមានចំពោះរូបនាង។

មើលឃើញថា មិនច្រើន,ជួយអ្វីមិនបាន, ច្បាប់គឺច្បាប់, ទោសជាប់ពន្ធនាគារមិនអាចលើកលែង, ការឃុំខ្លួនមិនអាចធានាបានក៏ពិតមែន, ប៉ុន្តែសន្តានចិត្តអតីតស្វាមីដែលបានលែងលះគ្នា៥ឆ្នាំទៅហើយ នៅតែអាចមានវត្តមានក្បែរនាង ក្នុងអំឡុងពេលដែលតានដឹងដូច្នេះ ធ្វើអោយមហាជនស្ងើចសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តអតីតស្វាមីដែលជាហាយសូលំដាប់ប្រទេសថៃ លោក Itthi Chavalittamrong មានចំពោះតារាស្រីថៃPinky ។

បន្ថែមពីលើនេះ មហាជនក៏បាននឹកដល់ពាក្យសំដីដែលមហាសេដ្ឋីថៃលោក Itthi Chavalittamrong និយាយពីអតីតភរិយារបស់ខ្លួនផងដែរ។ នៅមុនពេលតារាស្រីPinky ជួបរឿងរ៉ាវទោសទណ្ឌដែលស្ទើនឹកស្មានមិនដល់, ហាយសូថៃលោកItthi ធ្លាប់បាននិយាយដូច្នេះថា «និយាយតាមត្រង់ទៅ ខ្ញុំពិតជាអាណិតអតីតភរិយាខ្ញុំនាងPinkyណាស់ ព្រោះថាបើមើលទៅមុខឆាកជីវិតដ៏វែងឆ្ងាយទៅPinky នាងនឹងមិនមានសល់អ្វីឡើយ ព្រោះថាមនុស្សក្បែរខ្លួននិងប្រមូលទៅគ្មានសល់ ប៉ុន្តែខ្ញុំមិនអាចជួយអ្វីបាន ឡើយ។ ក្តីបារម្ភរបស់ខ្ញុំតែងតែកើតមានឡើងនៅពេលនឹកដល់ឈ្មោះរបស់នាង។ មហាសេដ្ឋីថៃលោក Itthi Chavalittamrong បន្តថា នាងមានអាយុក្បែរ៤០ឆ្នាំទៅហើយ ប៉ុន្តែបើនាងនៅតែបន្តប្រើប្រាស់ជីវិតដូចកន្លងមកនាងនឹងមិនមានសល់អ្វីទាំងអស់»។

ប៉ុន្តែពាក្យដាស់តឿនទាំងនេះមហាជនអនឡាញក៏មិនហ៊ានប្រាកដថា អតីតស្វាមីតារាស្រីស្រស់ស្អាតនាងPinkyនិយាយសំដៅលើមុខរបរឬដាស់តឿនរឿងមួយណាដោយចំពោះឡើយ គ្រាន់តែមហាជននឹកឃើញថា អតីតស្វាមីរបស់នាងធ្លាប់បោះសំដីដាស់តឿននាងរួចហើយ។

តារាស្រីថៃល្បីឈ្មោះ នាង Savika Chaiyadej ឬនាង “Pinky” ប្រឡូកក្នុងពិភពសិល្បៈថៃតាំងពីនៅក្មេងវ័យ។ នៅពេលនាងពេញវ័យរៀបការ នាងក៏បានរៀបការជាមួយ មហាសេដ្ឋីលំដាប់ប្រទេស លោក Petch Itti Chawalittamrong កាលពីឆ្នាំ ២០១៤ ក្នុងពិធីរៀបការដ៏ធំដុំអធិកអធិមកក្រើកប្រទេសថៃចំណាយអស់ប្រាក់ជាង៩លានដុល្លារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិននឹកស្មានដល់ គឺ តារាស្រីរូបនេះនិងស្វាមីបែរជាសម្រេចចិត្តលែងលះគ្នា ក្រោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ។

មូលហេតុដែលអ្នកទាំងពីរលែងលះគ្នា គឺដោយសារតែហេតុផលជាច្រើន ទើបទ្រាំរស់នៅជាមួយគ្នាមិនបាន។ តារាស្រីរូបនេះបានបន្ថែមទៀតថា ពួកគេពិតជាមិនអាចបន្តកាន់ដៃគ្នា ដើម្បីឆ្លងកាត់ឧបសគ្គទៀតទេ។ ក្រោយមក Pinky ក៏បានវិលចូលក្នុងវិស័យឧស្សាហកម្មសិល្បៈកំសាន្តវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *