ឃើញ សាន្ត ប៊ុនធឿន កំពុងលិចលង់ អាចារ្យធំ សម្រេចចិត្តដកពាក្យបណ្ដឹងពីតុលាការ

ឌីជេ អាចារ្យធំ បានសម្រេចដកពាក្យបណ្ដឹងដែលប្ដឹងចោទលើលោក សាន្ត ប៊ុនធឿន ពីសាលាដំបូងខេត្តសៀមរាបវិញហើយ។ ការសម្រេចបែបនេះ ក៏ព្រោះតែលោកមើលឃើញថា អ្នកសារព័ត៌មានល្បីឈ្មោះលើបណ្ដាញសង្គមរូបនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពលិចលង់។

ថ្មីៗនេះអ្នកសារព័ត៌មានល្បីឈ្មោះលោក សាន្ត ប៊ុនធឿន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្នើរឲ្យបញ្ជាការដ្ឋានអង្គរក្សលុបឈ្មោះចេញពីអង្គភាពមួយនេះ ក្រោយរូបលោកបានផឹកស៊ីហើយLiveលើបណ្ដាញសង្គមដោយជេរប្រមាថជាសាធារណៈ។ ភ្លាមៗនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានចេញលិខិតស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីលុបឈ្មោះវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌក្រោមហេតុផលថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។

ដោយឡែកកាលពីម្សិលមិញនេះ អាជ្ញាប័ណ្ណប្រកបអាជីវកម្មផ្នែកសារព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន ក៏ត្រូវបានក្រសួងព័ត៌មានប្រកាសលុបចោលផងដែរ បន្ទាប់មើលឃើញថា អ្នកសារព័ត៌មានរូបនេះបានធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ។ លោក សាន្ត ប៊ុនធឿន ត្រូវបានមើលឃើញថា ហាក់បាត់បង់អ្វីគ្រប់យ៉ាងនាពេលនេះ។

ឃើញដូច្នេះ ឌីជេ អាចារ្យធំ ដែលជាគូរវិវាទដ៏ស្រួចស្រាវនាពេលកន្លងមក នៅព្រឹកនេះបានប្រកាសដកពាក្យបណ្ដឹងពីសាលាដំបូងខេត្តសៀមរាប ដែលប្ដឹងចោទពីបទ”គំរាមថានឹងសម្លាប់” ធ្វើឡើងកាលពីថ្ងៃ៤ខែមេសាឆ្នាំ២០២២ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

ថ្លែងមកកាន់តារាញូស៍នៅព្រឹកនេះ លោក ស្រាន់ សារុំ ហៅឌីជេអាចារ្យធំ បានឲ្យដឹងថា លោកមិនចង់ប្រយុទ្ធជាមួយដៃគូដែលរងរបួសនោះទេ។ លោកសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាដើមបណ្ដឹងខ្ញុំសម្រេចចិត្តដកពាក្យបណ្ដឹងហើយ ប៉ុន្តែតុលាការរំលត់ ឬមិនរំលត់ជាអំណាចរបស់តុលារការ។ ចំពោះខ្ញុំ ខ្ញុំអហោសិកម្មជូនហើយ ដោយសារឃើញបងប្អូនដូច្នេះ ខ្ញុំមិនចង់ប្រយុទ្ធទេ”។

អាចារ្យធំ បានបញ្ជាក់ទៀតថា កន្លងមកខាងសាលាដំបូងខេត្តសៀមរាប បានកោះហៅរូបលោកឲ្យចូលបំភ្លឺចំនួនពីរលើករួចមកហើយ រង់ចាំតែចំណាត់ការចំពោះលោក សាន្ត ប៊ុនធឿន ប៉ុណ្ណោះ។ ពេលនេះលោកបានសម្រេចចិត្តដកពាក្យបណ្ដឹងដែលប្ដឹងចោទលើអ្នកសារព័ត៌មានរបនេះហើយ ព្រោះលោកមិនចង់យកឈ្នះចាញ់ជាមួយមនុស្សដែលកំពុងតែជួបបញ្ហាដូច្នេះ។ ទោះបីជាយ៉ាងណា អ្វីដែលសំខាន់នោះ តើតុលាការយល់ព្រមរំលត់បណ្ដឹងនេះឬអត់នោះ ជាសិទ្ធិរបស់តុលាការ។ សូមបញ្ជាក់ថា ឌីជេអាចារ្យធំ និងអ្នកសារព័ត៌មានលោក សាន្ត ប៊ុនធឿន ធ្លាប់ជាមិត្តភក្ដិស្និតស្នាលនឹងគ្នា ជាពិសេសកាលគ្រាដែលពួកគេនៅក្រីក្រដូចគ្នា។ ស្រាប់តែមួយរយៈក្រោយនេះ អ្នកទាំងពីរមានវិវាទនឹងផ្ដើមចេញពីពាក្យសម្ដីដៀមដាមដាក់គ្នានៅលើបណ្ដាញសង្គម បានឈានទៅដល់ការប្ដឹងផ្ដល់ទៅតុលាការហើយ ។

កាលនោះឌីជេ អាចារ្យធំ បានប្រត្តិកម្មរិះគន់ទៅលើលោក សាន ប៊ុនធឿន និងគូកនដែលបានប្រើប្រាស់ក្បាលមេក្រូ មានរូបអង្គភាពសារព័ត៌មានមកឡាយផ្សាព្វផ្សាយស្រា និងដង្ហែរស្រា ដែលអ្នកវប្បធម៌និយមរូបនេះអះអាងថា ជាអំពើមិនគួរគប្បី និងពង្វក់ដល់សង្គមជាតិ ។

ទោះបីជាយ៉ាងណា ជម្លោះយ៉ាងក្ដៅគគុកនាពេលនោះមិនបានធ្វើឲ្យមានផលប៉ះពាល់ដល់តួនាទី និងអង្គភាពសារព័ត៌មានរបស់លោកនោះទេ។ ទើបតែថ្មីៗនេះការបង្ហាញនូវសកម្មភាពមិនគួរគប្បីមួយចំនួនរួមទាំងពាក្យសម្ដីមិនសមរម្យម្ដងទៀត បានធ្វើឲ្យថ្នាក់ដឹកនាំបង្ខំចិត្តលុបឈ្មោះលោក សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌអង្គរក្ស ខណៈក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណព័ត៌មានរបស់លោកផងដែរ៕

Leave a Reply

Your email address will not be published.