តារាចម្រៀងរ៉េបអាមេរិក A$AP Rocky បដិសេធបទចោទប្រកាន់ករណីប្រើប្រាស់អាវុធ

តារាចម្រៀងរ៉េបអាមេរិកលោក A$AP Rocky ដែលជាមិត្តប្រុសរបស់នាងRihanna តារាចម្រៀងស្រីល្បីឈ្មោះ និងជាសេដ្ឋីនីមួយរូប បានបដិសេធចំពោះមុខតុលាការពាក់ព័ន្ធបទចោទប្រកាន់ករណីប្រើប្រាស់អាវុធកាលពីចុងឆ្នាំ២០២១។

តារារ៉េបវ័យ A$AP Rocky ៣៣ឆ្នាំរូបនេះ បានបង្ហាញវត្តមានក្នុងបន្ទប់សវនាការនៅទីក្រុងឡូសអេនជេលឡេស និងបានឈរជិតមេធាវីរបស់ខ្លួនដែលបានបញ្ជាក់ជូនចៅក្រមថាកូនក្ដីរបស់លោកបានបញ្ជាក់ថាខ្លួនមិនមានកំហុសឡើយ។

នៅមុននេះ លោក A$AP Rocky ត្រូវបានរដ្ឋអាជ្ញារអាមេរិកចោទប្រកាន់ទោសពីបទបាញ់បោះ និងប្រើប្រាស់អាវុធផ្ទាល់ខ្លួន បន្ទាប់ពីកើតមានរឿងរ៉ាវក្តីក្តាំ បាញ់បោះទៅលើអតីតមិត្តម្នាក់របស់លោកឈ្មោះថាA$AP Relli (ឈ្មោះពិត Terell Ephro)។

លោក A$AP Rocky ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងLos Angeles កាលពីថ្ងៃ២០មេសាកន្លងទៅនេះ បន្ទាប់ពីចូលដល់ទីក្រុងនេះតាមរយៈជើងហោះហើរយន្តហោះឯកជនរបស់លោកជាមួយនិងភរិយានាងRihanna គឺនៅត្រឹមតែប៉ុន្មានសប្តាហ៍បុណ្ណោះមុនពេលកូនប្រុសរបស់ពួកគេ កើត។ បន្ទាប់ពីការចាប់ខ្លួន តារាចម្រៀងA$AP Rockyបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំច្រើនជាង៥៥ម៉ឺនដុល្លារអាមេរិក។

ករណីបាញ់បោះកើតឡើងនៅថ្ងៃ៦វិច្ឆិកាឆ្នាំ២០២១ ដោយសារជម្លោះឡើងកំដៅមួយនាំអោយ A$AP Rockyបានបាញ់ទៅលើមិត្តរបស់ខ្លួន។ អំឡុងពេលប្រឈមមុខគ្នា តារាចម្រៀងបានបាញ់មិត្តរបស់ខ្លួនច្រើនដង ជាចុងក្រោយមិត្តរបស់លោកត្រូវរងរបួសប៉ុន្តែជារបួសស្រាល។

តារាចម្រៀងរ៉េបអាមេរិកA$AP Rocky ធ្លាប់មានប្រវត្តិមានរឿងក្ដីមិនល្អម្ដងរួចមកហើយ ដោយកាលពីខែសីហា ឆ្នាំ២០១៩ រូបគេត្រូវបានតុលាការប្រកាសដាក់ទោសព្យួរ បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងការវាយ ទាត់ធាក់បុរសវ័យ១៩ឆ្នាំម្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *